ទិន្នន័យដឹកជញ្ជូនតាមផ្លូវសមុទ្របានបង្ហាញថា ចំនួនកប៉ាល់ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានប្រកាសថាខ្លួនបានបិទផ្លូវទឹកនេះម្តងទៀត ដោយលើកឡើងពីការរំលោភបំពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។

ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា មានកប៉ាល់ចំនួនតែ ៥ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃអាទិត្យ បើធៀបនឹងចំនួន ២៦ គ្រឿងដែលត្រូវបានមើលឃើញកាលពីមួយថ្ងៃមុន។ ក្នុងនោះ រួមមានកប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស (VLCC) ចំនួន ៣ គ្រឿង ដែលផ្ទុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់អារ៉ាប៊ីសាអូឌីតចំនួន ២ លានបារ៉ែលក្នុងមួយគ្រឿង ហើយកប៉ាល់មួយក្នុងចំណោមនោះកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ទិន្នន័យនេះអាចនឹងមិនរាប់បញ្ចូលកប៉ាល់ទាំងឡាយណាដែលបានបិទឧបករណ៍បញ្ជូនសញ្ញា (transponders) របស់ពួកគេ ក្នុងពេលធ្វើដំណើរនៅក្នុងតំបន់ឈូងសមុទ្រនោះទេ។

អ៊ីរ៉ង់ទើបតែបានដកការបិទខ្ទប់ផ្លូវទឹកនេះកាលពីសប្តាហ៍មុន បន្ទាប់ពីបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការបន្លាយពេលបទឈប់បាញ់កាលពីខែមេសាចំនួន ៦០ ថ្ងៃបន្ថែមទៀត ដើម្បីបើកផ្លូវឱ្យមានការចរចាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសបិទផ្លូវទឹកនេះម្តងទៀត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ដោយឡែក យោធាសហរដ្ឋអាមេរិកបានថ្លែងថា កប៉ាល់ពាណិជ្ជកម្មនានានៅតែបន្តប្រតិបត្តិការដដែល។

ទិន្នន័យដដែលបានបង្ហាញថា ក្នុងចំណោមកប៉ាល់ដែលបានចាកចេញពីច្រកសមុទ្រនេះកាលពីថ្ងៃសៅរ៍ មាន ៣ គ្រឿងជាកប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស (VLCC) ដែលដឹកប្រេងឆៅចេញពីសហភាពអារ៉ាប់រួម គុយវ៉ែត និងអ៊ីរ៉ាក់ ខណៈក៏មានកប៉ាល់ដឹកប្រេងចំនួន ៣ គ្រឿងទៀតដែលដឹកផលិតផលប្រេងផ្សេងៗគ្នាផងដែរ។ ចំណែកឯកប៉ាល់សរុបចំនួន ១៣ គ្រឿងបានធ្វើដំណើរចូលទៅក្នុងច្រកសមុទ្រនេះកាលពីថ្ងៃសៅរ៍ រួមទាំងកប៉ាល់ VLCC ចំនួន ២ គ្រឿងផងដែរ។

ក្រុមហ៊ុនផលិតប្រេងប្រចាំតំបន់ឈូងសមុទ្រ រួមមានក្រុមហ៊ុនប្រេងជាតិ Abu Dhabi National Oil Co និងក្រុមហ៊ុន Kuwait Petroleum Corp បានចេញដេញថ្លៃលក់ប្រេងឆៅ ដោយផ្តល់ជម្រើសក្នុងការផ្ទុកប្រេងទាំងពីផ្នែកខាងក្នុង និងខាងក្រៅច្រកសមុទ្រ Hormuz។

https://troryorng.com/
Share.