ប៉ារីស៖ បណ្តាប្រទេសភាគច្រើននៅតំបន់អឺរ៉ុបនាថ្ងៃចន្ទ នេះ បាននិងកំពុងត្រៀមលក្ខណៈទប់ទល់ជាមួយការប្រឈមមុខនឹងរលកកម្តៅដ៏ខ្លាំងក្លា ដែលនឹងបន្តកើនឡើងកម្តៅបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការពិសេសៗដើម្បីកាត់បន្ថយផលប៉ះពាល់។

គិតត្រឹមកាលពីចុងសប្តាហ៍មុន ប្រទេសបារាំងបានកត់ត្រាករណីអ្នកស្លាប់ដោយសារកម្តៅខ្លាំងរួចទៅហើយ។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់បានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសារសកម្មភាពមនុស្ស គឺជាកាតាលីករដ៏ចម្បងដែលធ្វើឱ្យកម្តៅកើនឡើងដល់កម្រិតកំណត់ត្រាថ្មីនេះ។

នៅក្នុងប្រទេសបារាំង ខេត្តចំនួន៤៩ ក្នុងចំណោម ៩៦ខេត្ត ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន «ពណ៌ក្រហម» ដែលជាកម្រិតព្រមានខ្ពស់បំផុត។ អាជ្ញាធរបានប្រកាសបិទសាលារៀនចំនួន ៨៤៥កន្លែង នាថ្ងៃចន្ទ នេះ ហើយសាលារៀនចំនួន ១,៨០០ទីតាំងទៀត ត្រូវបានអនុញ្ញាតឱ្យសិស្សានុសិស្សត្រឡប់ទៅផ្ទះមុនម៉ោង។ ជាមួយគ្នា តំបន់ខ្លះនៃប្រទេសបារាំងមានសីតុណ្ហភាពហក់ឡើងហួសពី 40°C ដែលជារឿងខុសប្រក្រតីខ្លាំងសម្រាប់ខែមិថុនានេះ។ នៅតំបន់ Gironde ភាគនិរតីនៃប្រទេស មន្ត្រីមូលដ្ឋានបានរាយការណ៍ថា មនុស្សចាស់ ៣នាក់ (មានអាយុចន្លោះពី ៨០ ដល់ ៩៥ឆ្នាំ) បានបាត់បង់ជីវិត ដែលបណ្តាលមកពីកម្តៅដ៏ក្តៅគគុកនេះ។

ដោយឡែក ទីក្រុងមួយចំនួនក្នុងប្រទេសបារាំង និងបែលហ្ស៊ិកបានប្រកាសកាត់បន្ថយសេវាកម្មសាធារណៈដែរ។ បើតាមប្រធានផ្នែកព្យាករណ៍អាកាសធាតុនៃវិទ្យាស្ថានឧតុនិយម IRM បានព្រមានថា សីតុណ្ហភាពនៅក្នុងប្រទេសបែលហ្ស៊ិក ត្រូវបានរំពឹងថា នឹងឡើងដល់កម្រិត ក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅសប្តាហ៍នេះ។ ចំណែកឯលោក Mathieu Lefevre រដ្ឋលេខាធិការក្រសួងបរិស្ថានបារាំង បានលើកឡើងថា រលកកម្តៅនេះមាន កម្រិតខ្លាំងក្លាខុសធម្មតា។
អ្នកព្យាករណ៍អាកាសធាតុបារាំងបានព្រមានថា រលកកម្តៅលើកនេះ អាចនឹងមានសភាពធ្ងន់ធ្ងរដូចកាលពីខែសីហា ឆ្នាំ២០០៣ ដែលកាលនោះបានឆក់យកជីវិតមនុស្សជិត ១៥,០០0នាក់នៅក្នុងប្រទេសបារាំង។

រីឯប្រទេសអេស្ប៉ាញវិញ ទីភ្នាក់ងារអាកាសធាតុ Aemet បានព្រមានពីសីតុណ្ហភាពខ្ពស់ខ្លាំងខុសពីធម្មតាទាំងថ្ងៃទាំងយប់ រហូតដល់ថ្ងៃពុធ សប្ដាហ៍នេះ ដោយតំបន់ខ្លះអាចហក់ឡើងកម្ដៅដល់ 44°C។ កាលពីថ្ងៃអាទិត្យ អាជ្ញាធរក្រុងម៉ាឌ្រីដ ថែមទាំងបានលុបចោលការចាក់ផ្សាយការប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែលអេស្ប៉ាញឈ្នះអារ៉ាប៊ីសាអូឌីតនៅលើកញ្ចក់ទូរទស្សន៍យក្សតាមទីសាធារណៈផងដែរ ដោយសារតែបារម្ភពីសុខភាពប្រជាជនក្នុងអាកាសធាតុក្តៅខ្លាំង។
បើនៅចក្រភពអង់គ្លេសឯណោះវិញ លោកស្រី Liz Bentley ប្រធានប្រតិបត្តិនៃសមាគមឧតុនិយមរាជវង្ស បានព្យាករណ៍ថា កំណត់ត្រាកម្តៅចាស់ប្រចាំខែមិថុកា របស់អង់គ្លេសនឹងត្រូវបំផ្លាញខ្ទេចខ្ទី។ លោកស្រីបានបញ្ជាក់ថា សប្តាហ៍នេះនឹងនាំមកនូវរលកកម្តៅដែលមិនធ្លាប់មានពីមុនមក ដោយសីតុណ្ហភាពអាចឡើងដល់ 38°C ទៅ 39°C (ខណៈកំណត់ត្រាចាស់ក្នុងខែមិថុនា គឺត្រឹមតែ 35.6°C ប៉ុណ្ណោះ)។ នេះមានន័យថា អង់គ្លេសត្រូវរងការបំផ្លាញកំណត់ត្រាសីតុណ្ហភាពចាស់រហូតដល់ ២ខែជាប់ៗគ្នា គឺទាំងក្នុងខែឧសភា និងខែមិថុនា ដោយកើនឡើងលើសកំណត់ត្រាចាស់ជាង 2°C។

ជារួមមក វិបត្តិរលកកម្តៅដ៏កាចសាហាវដែលកំពុងវាយលុកទ្វីបអឺរ៉ុបនាពេលនេះ មិនមែនជាបាតុភូតធម្មជាតិធម្មតានោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្នដ៏បន្ទាន់មួយនៃវិបត្តិអាកាសធាតុសកល»។ ការបង្ខំចិត្តបិទសាលារៀន ផ្អាកប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការបាត់បង់ជីវិតប្រជាពលរដ្ឋនៅក្នុងប្រទេសជឿនលឿនទាំងនោះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពាររបស់មនុស្សជាតិ កំពុងតែទន់ជ្រាយនៅចំពោះមុខកំហឹងធម្មជាតិដែលបង្កឡើងដោយដៃមនុស្សខ្លួនឯង។
ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំផ្លាញបរិស្ថាននៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់ កំណត់ត្រាសីតុណ្ហភាពខ្ពស់ៗទាំងនេះ នឹងលែងជា «រឿងខុសប្រក្រតី» ទៀតហើយ ប៉ុន្តែវានឹងក្លាយជា «សុបិន្តអាក្រក់ប្រចាំថ្ងៃ» ដែលមនុស្សជាតិគ្រប់រូបត្រូវប្រឈមមុខក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕

