រឿងរ៉ាវនេះបាន​កើត​ឡើង​កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅពេល​ដេល​សមាជិក​រាជវង្សរបស់ Abu Dhabi គឺព្រះនាងម្ចាស់​ Roda Al Nahyan និងព្រះមាតា ព្រមទាំងអ្នករួមដំណើរគឺលោកស្រី Najla Al Qubaisi បានធ្វើដំណើរមកដល់ស្ថានីយរថភ្លើង St Pancras ក្នុងទីក្រុងឡុងដ៍ តាមរយៈរថភ្លើង Eurostar ស្រាប់តែ​វ៉ាលីសរបស់ពួកទ្រង់​ចំនួន​៣​ត្រូវ​បាន​ជនខិលខូចលួចចេញពី​ឡាន ខណៈ​ពេល​ដែល​ពួកគេ​បាន​ប្រើ​ល្បិចធ្វើឱ្យអ្នកបើកបររបស់គ្រួសាររាជវង្សនេះរវល់ងាកចេញ ហើយពួកគេក៏បានលបចូលទៅខាងក្រោយរថយន្ត រួចរត់គេចខ្លួនបាត់ជាមួយនឹងរបស់របរដែលលួចបាន។

វត្ថុមាន​តម្លៃក្នុង​កាបូបទាំងនោះ​មាន​ ខ្សែក ខ្សែដៃ និងក្រវិលមាស ដែលមានតម្លៃសរុបជាង ៦០០,០០០ ផោន (ប្រហែលជិត ៨០ ម៉ឺនដុល្លារ) ហើយបើ​ទោះ​ជា​ចាប់​បាន​អ្នក​ទោស​ទាំង​៣​នាក់​នេះ​ក៏ពិត​មែន ប៉ុន្តែគ្មានគ្រឿងអលង្ការណាមួយត្រូវបានរកឃើញមកវិញនោះទេ។

បុរសពីរនាក់ឈ្មោះ Abdel Aitkebir អាយុ ៣៥ ឆ្នាំ និង Medhi Fatih អាយុ ៤១ ឆ្នាំ ដែកបានលួចចូលចក្រភពអង់គ្លេសដោយខុសច្បាប់កាលពីខែកក្កដា ឆ្នាំ ២០២៥ ត្រូវបានតុលាការ Inner London Crown Court កាត់ទោសឱ្យជាប់ពន្ធនាគារពីបទលួច។ ម្នាក់ៗ ២ ឆ្នាំ និង ៦ ខែ ខណៈសហការីម្នាក់ទៀតរបស់ពួកគេឈ្មោះ Faysal Benoumechiara អាយុ ២៧ ឆ្នាំ ក៏ត្រូវបានជាប់ពន្ធនាគារ ២ឆ្នាំ៣ខែ ផងដែរ ពីបទលួចជាបន្តបន្ទាប់ដែលគេបានប្រព្រឹត្តក្នុងរយៈពេល ១១ ខែកន្លងមក ជនរងគ្រោះគឺជាសមាជិកនៃគ្រួសារ Al Nahyan ដែលជារាជវង្សកំពុងគ្រងរាជ្យនៅ Abu Dhabi និងជាវង្សត្រកូលនយោបាយដែលមានអំណាចបំផុតនៅក្នុងសហភាពអារ៉ាប់រួម (UAE)។

Benoumechiara បានលួចកាបូបចំនួនប្រាំពីជនរងគ្រោះដែលមិនបានប្រុងប្រយ័ត្ននៅក្នុងរាជធានី ដែលមានតម្លៃសរុប ៨១,០០0 ផោន។ ជនជាប់ចោទ Aitkebir បានប្រាប់តុលាការថា ខ្លួនបានលក់វ៉ាលីរបស់គ្រួសាររាជវង្សនេះទៅឱ្យអាជីវករលក់ដូរម្នាក់នៅភាគខាងត្បូងទីក្រុងឡុងដ៍ ក្នុងតម្លៃត្រឹមតែ ១០,០០០ ផោនប៉ុណ្ណោះ ពោលគឺស្មើនឹង ១.៧ ភាគរយ នៃតម្លៃពិតប្រាកដរបស់គ្រឿងអលង្ការទាំងនោះ។ រូបភាពនៃរបស់របរដែលបានលួច ត្រូវបានរកឃើញនៅក្នុងទូរសព្ទរបស់គេ ដែលគេបានផ្ញើទៅឱ្យអាជីវកររូបនោះ ត្រឹមតែបីថ្ងៃបន្ទាប់ពីការលួច។

នៅក្នុងសារ Whatsapp ដែលត្រូវបានបង្ហាញនៅក្នុងតុលាការ ក្រុមចោរនេះបាននិយាយថា ពួកគេបានមកចក្រភពអង់គ្លេសក្នុងបំណងលួចពីមនុស្សម្នា ព្រោះ “ទីនោះហើយជាកន្លែងដែលមានលុយ”។

រូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) បានបង្ហាញថា Aitkebir និង Fatih បានដើរចុះឡើងនៅក្នុងស្ថានីយរថភ្លើង ហើយរង់ចាំគ្រួសាររាជវង្សមកដល់នៅវេលាម៉ោងប្រហែល ១០:៤៥ យប់៕

https://troryorng.com/

Share.