ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. មកពីរាជធានី-ខេត្តទាំង ២៥ ចូលរួមយុទ្ធដំណើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ ទៅកាន់តំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ស្ថិតក្នុងភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

យុទ្ធដំណើរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាស់ស្មារតីស្នេហាជាតិ និងបណ្តុះការយល់ដឹងដល់យុវជនជំនាន់ក្រោយ អំពីប្រវត្តិនៃការតស៊ូដ៏លំបាក និងការលះបង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ និងសន្តិភាព ដែលបាននាំទៅដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពីជិតកន្លះសតវត្សរ៍មុន។

កម្មវិធីនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ នៅថ្ងៃដំបូង ក្រុមយុវជនបានធ្វើដំណើរដោយថ្មើរជើងពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ដែលជាទីតាំងមានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូដើម្បីសន្តិភាពរបស់សម្តេចតេជោ និងយុទ្ធមិត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី និងយុវជនដែលចូលរួម បានធ្វើពិធីដុតធូបបួងសួងនៅទីតាំងព្រះអង្គគោកធ្លក មុនបន្តដំណើរទៅកាន់តំបន់ X16 ដើម្បីបោះជំរំស្នាក់នៅមួយយប់។ នៅពេលរាត្រី ក្រុមយុវជនបានទស្សនាខ្សែភាពយន្តប្រវត្តិសាស្ត្រ «កូនប្រុសក្រោមពន្លឺព្រះចន្ទ» ដែលបង្ហាញពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ក្នុងការស្វែងរកផ្លូវរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។

ជាមួយគ្នានេះ ក៏មានការរៀបចំពិធីដុតភ្លើងព្រះអគ្គីបំភ្លឺ ដើម្បីរំលេចនូវអត្ថន័យថា «ពន្លឺនៃសន្តិភាព កើតចេញពីការតស៊ូ និងការលះបង់» ហើយជានិមិត្តរូបនៃអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជន និងប្រទេសជាតិ។

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ឥស្សរជន និងអ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នៅមហាចេតិយក្នុងតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16។

យុទ្ធដំណើរនេះ មិនត្រឹមតែជាការរំឭកដល់ដំណើរប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីតម្លៃសន្តិភាព ឯកភាពជាតិ និងការលះបង់របស់អ្នកជំនាន់មុន ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃ៕

Share.