នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងទេសចរណ៍កំពុងជំរុញយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរបែបសុខុមាលភាព តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន រួមទាំងទិវាយោគៈអន្តរជាតិលើកទី១២ និងព្រឹត្តិការណ៍ Walk for a Smile ដែលទទួលបានការចូលរួមពីសំណាក់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅអំឡុងដើមខែមីនា ឆ្នាំ២០២៦ ក្រសួងបានសហការរៀបចំព្រឹត្តិការណ៍ Walk for a Smile នៅខេត្តសៀមរាប បន្ទាប់មក ទិវាយោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា។ រីឯនៅរាជធានីភ្នំពេញវិញ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅបរិវេណសួនច្បារតេជោមាស និងតេជោយ៉ាត ខាងមុខវត្តឧណ្ណាលោម នៅថ្ងៃទី២១ ខែមិថុនា ដែលទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។
យោងតាមក្រសួងទេសចរណ៍ យុទ្ធសាស្ត្រនេះផ្តោតលើការជំរុញផលិតផលទេសចរណ៍សុខុមាលភាពឱ្យកាន់តែសកម្ម ដោយសហការជាមួយអង្គការអន្តរជាតិ និងប្រទេសឥណ្ឌា ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរដែលកំពុងស្វែងរកការសម្រាកលំហែកាយ ការថែទាំសុខភាព និងតុល្យភាពផ្លូវចិត្ត។
ក្រសួងបានវាយតម្លៃថា ទីផ្សារទេសចរណ៍អូស្ត្រាលី និងឥណ្ឌា ជាទីផ្សារយុទ្ធសាស្ត្រដ៏មានសក្តានុពល និងកំពុងមានកំណើនគួរឱ្យកត់សម្គាល់សម្រាប់កម្ពុជា។ ភ្ញៀវទេសចរមកពីប្រទេសទាំងនេះកំពុងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើបទពិសោធន៍វប្បធម៌សម្បូរបែប គោលដៅបេតិកភណ្ឌ និងសេវាកម្មទេសចរណ៍សុខុមាលភាព។
គួរបញ្ជាក់ថា យោងតាមវិទ្យាស្ថានសុខុមាលភាពសកល ភ្ញៀវទេសចរដែលស្វែងរកសុខុមាលភាពមានទំនោរចំណាយជាមធ្យមច្រើនជាងភ្ញៀវទេសចរធម្មតារហូតដល់ ៣០ ភាគរយ ដែលជាកត្តាជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់។
បច្ចុប្បន្ន កម្ពុជាមានតំបន់ទេសចរណ៍សុខុមាលភាពនៅតំបន់អេកូឡូស៊ីដូចជា នៅឧទ្យានជាតិគិរីរម្យ ភ្នំគូលែន និងខេត្តមណ្ឌលគិរី ដែលផ្តល់សេវាកម្មកាត់បន្ថយភាពតានតឹង និងការសម្រាកលំហែកាយជាមួយធម្មជាតិ និងតំបន់ទេសចរណ៍សុខុមាលភាពនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ និងកោះនានា ដែលទទួលបានកំណើនទេសចរបរទេសរហូតដល់ ៣៦.៥%ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

