កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង បណ្តាលឱ្យរថយន្តមួយគ្រឿងឆេះខូចខាតទាំងស្រុង នៅលើផ្លូវជាតិលេខ៨។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០២:៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។

តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តម៉ាក KIA ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-9898 បើកបរពីទិសត្បូងទៅជើង ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបុកទ្រូងផ្លូវមុន រួចបន្តទៅបុកបង្គោលភ្លើងនៅចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តឆាបឆេះខូចខាតទាំងស្រុង។

ក្នុងហេតុការណ៍នេះ មិនមានការបញ្ជាក់អំពីអ្នករងរបួស ឬស្លាប់នោះទេ ខណៈរថយន្តត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុបណ្តាលមកពីអ្នកបើកបរ បើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ដែលនាំឱ្យបាត់បង់ការគ្រប់គ្រងរថយន្ត បង្កឱ្យមានគ្រោះថ្នាក់ដូចខាងលើ៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.