លោកស្រី Rabab Fatima ( រ៉ាបាប ហ្វាទីម៉ា) អគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ (UN-OHRLLS) បានកោតសរសើរពីការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា នៅក្នុងជំនួបជាមួយឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។

នៅក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នោះ លោកស្រីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Asia-Pacific Ministerial Mid-term Review of the Doha Programme of Action for the Least Developed Countries កាលពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ហើយបានកត់សម្គាល់ដោយការពេញចិត្ត និងកោតសរសើរពីការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ក្រោយពេលលោកស្រីបានទៅដល់កម្ពុជានិងឃើញផ្ទាល់ភ្នែកពីវឌ្ឍនភាពទាំងនេះ។

ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណលោកស្រី និង UN-OHRLLS ដែលបានសហការយ៉ាងជិតស្និទ្ធរៀបចំកិច្ចប្រជុំខាងលើដោយដំណើរការដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ហើយក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមសហការជាមួយដៃគូពាក់ព័ន្ធដើម្បីអនុវត្តកម្មវិធីសកម្មភាពទីក្រុងដូហាសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចផងដែរ៕

Share.