វិស័យកសិកម្ម និងការនាំចេញរបស់កម្ពុជាបានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២២ មិថុនា ២០២៦ ម្សិលមិញនេះ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ចំពោះវិស័យសេដ្ឋកិច្ចជាតិមួយនេះ ក៏មានការអមដំណើរ និងចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនលេចធ្លោរបស់កម្ពុជាចំនួន ៣០ ក្រុមហ៊ុន ដើម្បីឈ្វេងយល់ និងចាប់យកឱកាសមាសនេះ។

ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រថ្មីនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កាដ៏ធំធេងដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្ម និងស្វិតស្វាញកន្លងមក រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយនិងក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ។ កិច្ចសហការនេះធ្វើឡើងដើម្បីសម្របសម្រួលនីតិវិធីនានា និងបើកច្រករបៀងដឹកជញ្ជូនថ្មី ដែលមានភាពរលូន និងចំណាយតិចជាងមុន។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លើកឡើងថា នេះគឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

គួររំលឹកថា យោងតាមទិន្នន័យពីក្រសួងកសិកម្ម គិតត្រឹមដើមឆ្នាំ ២០២៦ ការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការនាំចេញកសិផលសរុប សម្រេចបានបរិមាណរហូតដល់ជាង ១២៩,០០០តោន ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈច្រកប្រទេសវៀតណាម និងឡាវ៕

Share.