កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​កម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ក្រោមក្របខណ្ឌហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំធ្វើ​ឡើង​កាល​ពីទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយសហការជាមួយបានស្ថាប័នពាក់ព័ន្ធឱ្យបានល្អ ច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យថ្ងៃដំណើរការកម្មវិធីនាពេលខាងមុខមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)សម្រេចលទ្ធផលជារួម៩៩%ហើយ គិតត្រឹងចុងខែឧសភា ឆ្នាំ២០២៦នេះ៕

Share.