អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីដែលសាលារៀននៅតាមបណ្ដោយព្រំដែន មីយ៉ាន់ម៉ា – ថៃត្រូវបានបញ្ជាឱ្យបិទទ្វារដោយសារតែក្តីបារម្ភពីស្ថានការណ៍ប្រយុទ្ធគ្នា។ គេរំពឹងថា ទាហានមីយ៉ាន់ម៉ា កំពុងត្រៀមប្រតិបត្តិការវាយប្រហារលើក្រុមជនជាតិភាគតិចការ៉ែន បន្ទាប់ពីរកឃើញថាមានការបន្ថែមកម្លាំងនៅ ២ ចំណុច។ ក្រោយមានការធ្លាក់គ្រាប់ប្លោងចូលមកក្នុងទឹកដីថៃ ខណៈនេះកងទ័ពថៃបានត្រៀមកម្លាំង និងយុទ្ធោបករណ៍ដើម្បីថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី ២២ មិថុនា នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក វរសេនីយ៍ឯកស្រី នុតរ៉ាវី ចែមចាំរ៉ាត់ (Nuchrawee Jamjamras) អ្នកនាំពាក្យរងកងទ័ពជើងគោក បានថ្លែងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-ភូមា ភាគខាងលិច បន្ទាប់ពីសាលារៀន បានម៉ែគូនកេន (Ban Mae Kon Ken) ស្រុកម៉ែសត ខេត្តតាក បានប្រកាសបិទការរៀនសូត្រ ដោយសារតែស្ថានការណ៍អសន្តិសុខនៅក្នុងតំបន់ថា៖
នាពេលនេះ កងកម្លាំងនរេសួន (Naresuan Force) បាននិងកំពុងតាមដានស្ថានការណ៍តាមបណ្តោយព្រំដែនយ៉ាងដិតដល់ ហើយទទួលបានរបាយការណ៍ថា កងកម្លាំងទាហានមីយ៉ាន់ម៉ាបានបន្ថែមកម្លាំងនៅក្នុងតំបន់ភូមិមីនឡាប៉ាន និងភូមិផាលូ ខេត្តស្រីវតី ប្រទេសភូមា ដែលស្ថិតនៅទល់មុខភូមិហួយមហាវង្ស ខេត្តតាក។


ទន្ទឹមនឹងនេះ ក្នុងអំឡុងថ្ងៃទី ២១-២២ មិថុនាកន្លងទៅ គេរំពឹងថា កងកម្លាំងទាហានមីយ៉ាន់ម៉ាអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមប្រឆាំងនៅក្នុងតំបន់។ ស្ថានការណ៍ប្រយុទ្ធគ្នាដែលបានកើតឡើងក្នុងរយៈពេលកន្លងមកនេះ បានបណ្តាលឱ្យមានគ្រាប់ប្លោងពីការប៉ះទង្គិចគ្នា ធ្លាក់ចូលមកក្នុងដែនដីប្រទេសថៃ ទើបធ្វើឱ្យសាលារៀន បានម៉ែគូនកេន ត្រូវប្រកាសបិទការរៀនសូត្រជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពសិស្សានុសិស្ស។

ស្ថានភាពវឹកវរដែលបង្កឡើងដោយសារការប៉ះទង្គិចគ្នានៅក្នុងប្រទេសមីយ៉ាន់ ក្នុងតំបន់ជាប់ព្រំដែនថៃ ពិតជាធ្វើឱ្យកងទ័ពថៃឈឺក្បាលណាស់ដែរ ព្រោះបើតាមអ្នកនាំពាក្យរងកងទ័ពជើងគោក ភាគីថៃ បានរៀបចំទាំងកម្លាំង និងយុទ្ធោបករណ៍ឱ្យស្ថិតក្នុងកម្រិតត្រៀមលក្ខណៈប្រតិបត្តិការ ដើម្បីថែរក្សាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែន ព្រមទាំងបានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងតំបន់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពីអង្គភាពរាជការយ៉ាងដិតដល់។

ការត្រៀមលក្ខណៈប្រយុទ្ធ ការដាក់បន្ថែមកងកម្លាំង និងការបញ្ជូនសព្វាវុធទៅព្រំដែនរបស់ភាគីថៃនេះ ក៏ព្រោះតែកងទ័ពមីយ៉ាន់ម៉ា បានផ្ដើមបាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែន នៅតាមដងទន្លេ Moei ដើម្បីព្យាយាមដណ្តើមការកាន់កាប់ទឹកដីវិញ។ ការប្រយុទ្ធគ្នាដ៏ក្ដៅគគុកនេះ ធ្វើឲ្យខាងថៃ ភិតភ័យ ឈានដល់បិទសាលារៀន ចំណែកឯអ្នកភូមិ Mae Kon Ken ភ័យខ្លាចព្រលឹងចុងសក់នាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង។
គួរដឹងថា ការផ្ទុះអាវុធដាក់គ្នាដើម្បីដណ្ដើមទីតាំងកាន់កាប់នេះ កើតឡើងក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ដោយកងទ័ពរបបសឹក បានដាក់ពង្រាយកម្លាំងនិងអាវុធ ធុនធ្ងន់ជាច្រើន ដើម្បីប្រយុទ្ធជាមួយក្រុមប្រឆាំងផ្ដាច់ខ្លួន ខណៈដែលពលរដ្ឋថៃនៅក្បែព្រំដែនថៃ កំពុងរស់នៅក្នុងស្ថានភាពភិតភ័យ និងត្រូវប្រុងខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីរាយការណ៍ពីផលប៉ះពាល់ ឬពិនិត្យឃើញអ្វីដែលមិនប្រក្រតី អាចរាយការណ៍ជូនអង្គភាពផ្នែកសន្តិសុខនៅក្នុងតំបន់៕

