ទីក្រុងហ្ស៊ីណែវ៖ ដំណើរការចរចាការទូតរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បានជួបប្រទះភាពទាស់ទែងគ្នាយ៉ាងខ្លាំងភ្លាមៗ ក្រោយភាគីអុីរ៉ង់បានចេញមុខបដិសេធការអះអាងរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ជុំវិញការវិលត្រឡប់របស់អ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ។

បន្ទាប់ពីកិច្ចចរចាជុំដំបូងត្រូវបានបិទបញ្ចប់នៅក្នុងតំបន់ Bürgenstock ប្រទេសស្វីស លោក JD Vance បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការពិភាក្សាជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អាចនឹងចាប់ផ្តើមឡើងវិញ «យ៉ាងឆាប់បំផុតនៅថ្ងៃនេះ»។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Esmail Baqai បានទាត់ចោលការអះអាងនេះភ្លាមៗ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ «ពុំមានការប្តេជ្ញាចិត្តថ្មីណាមួយ» លើការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរឡើយ ហើយរាល់កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ត្រូវតែអនុវត្តតាមនីតិវិធីដែលមានស្រាប់ ចែងដោយសភា និងក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អុីរ៉ង់ប៉ុណ្ណោះ។

ភាពតានតឹងផ្នែកវោហាសាស្ត្រនេះ បានកើតឡើងស្របពេលដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចផ្តល់ដង្ហើមសេដ្ឋកិច្ចឱ្យអុីរ៉ង់ តាមរយៈការលើកលែងទណ្ឌកម្មជាបណ្តោះអាសន្នរយៈពេល ៦០ថ្ងៃ (មានសុពលភាពរហូតដល់ថ្ងៃទី២១ ខែសីហា) ដែលអនុញ្ញាតឱ្យអុីរ៉ង់អាចលក់ និងដឹកជញ្ជូនប្រេងឆៅជាប្រាក់ដុល្លារអាមេរិកបានជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ ថែមទាំងអាចនាំចូលត្រង់ទៅកាន់សហរដ្ឋអាមេរិកទៀតផង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានគូសបញ្ជាក់ថា ការដករបាំងទណ្ឌកម្មដ៏ធំនេះ គឺធ្វើឡើងដើម្បីជាការដោះដូរនឹងការប្តេជ្ញាចិត្តរបស់តេអេរ៉ង់ ក្នុងការរក្សាច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឱ្យបើកចំហ និងការព្រមទទួលយកអ្នកត្រួតពិនិត្យ IAEA ចូលប្រទេសវិញ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានផ្ញើសារព្រមានធ្ងន់ៗពីសេតវិមានផងដែរថា៖ «ប្រសិនបើអុីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀង ឬមិនមានឥរិយាបថសមរម្យទេនោះ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ»។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសកាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានឱ្យដឹងថា ទោះបីជាមានភាពរាក់រកូសលើបញ្ហានុយក្លេអ៊ែរក៏ដោយ ភាគីទាំងពីរបានព្រមព្រៀងលើ «ផែនទីបង្ហាញផ្លូវមួយដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ»។ ក្នុងនោះ រួមមានការបង្កើតខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់សម្រាប់សុវត្ថិភាពនាវាចរណ៍តាមច្រកសមុទ្រ Hormuz និងការបង្កើត «អង្គភាពកាត់បន្ថយជម្លោះ» (De-confliction cell) រវាងអាមេរិក អុីរ៉ង់ និងលីបង់ ដើម្បីបញ្ចប់ប្រតិបត្តិការយោធានៅលីបង់។
មែនទែនទៅ ក្រុមចរចាជាន់ខ្ពស់របស់អុីរ៉ង់បានចាកចេញពីទីក្រុងហ្សុីណែវហើយ ប៉ុន្តែការពិភាក្សាកម្រិតបច្ចេកទេសរវាងភាគីពាក់ព័ន្ធទាំងអស់នឹងនៅតែបន្តធ្វើឡើង ដើម្បីស្វែងរកច្រកចេញរួមមួយក្នុងឱសានវាទ ៦០ថ្ងៃនេះ។

ជារួមមក ទោះបីជាជំនួបចរចាជុំដំបូងនៅប្រទេសស្វីស បានបើកផ្លូវឱ្យមានការធូរស្រាលផ្នែកសេដ្ឋកិច្ចតាមរយៈការសម្រាលទណ្ឌកម្មប្រេងពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែការបដិសេធភ្លាមៗរបស់ភាគីអុីរ៉ង់ជុំវិញបញ្ហាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ បានស្តែងឱ្យឃើញថា ផ្លូវការទូតឆ្ពោះទៅរកសន្តិភាពរវាងទីក្រុងវ៉ាសុីនតោន និងទីក្រុងតេអេរ៉ង់ នៅតែមានភាពផុយស្រួយ និងពោរពេញដោយភាពមិនច្បាស់លាស់។
ឱសានវាទរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការបង្កើតផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់បំផុតមួយ។ ថាតើភាគីទាំងពីរអាចឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz និងបញ្ចប់ប្រតិបត្តិការយោធានៅលីបង់បានជោគជ័យ ឬមួយក៏ត្រូវត្រឡប់ទៅរកភាពតានតឹង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីវិញនោះ គឺអាស្រ័យទៅលើឆន្ទៈនយោបាយពិតប្រាកដ និងការសម្រុះសម្រួលគ្នានៅក្នុងកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាបន្តបន្ទាប់៕

