ភ្នំពេញ៖ «ចរណៃ» ហាងលក់ផលិតផលអាហារ ត្រី សាច់ បានប្រកាសគ្រោងផ្អាកដំណើរការអាជីវកម្មគ្រប់សាខាទាំងអស់ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ តទៅ ក្រោយពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ចាត់វិធានការពិន័យអន្តរការណ៍លើហាងនេះ ពាក់ព័ន្ធនឹងការបង្ហាញព័ត៌មានផលិតផលដែលនាំឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត។


កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទីតាំងលក់ និងចែកចាយផលិតផលត្រីក្លាសេរបស់ហាង «ចរណៃ» និងបានរកឃើញថា ហាងបានធ្វើធុរកិច្ចក្នុងលក្ខណៈដែលអាចបង្កឱ្យអតិថិជនយល់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត។


ជាលទ្ធផល ក.ប.ប. បានអនុវត្តការពិន័យអន្តរការណ៍លើហាង «ចរណៃ» ក្នុងទំហំទឹកប្រាក់ចន្លោះពី ១០លានរៀល ដល់ ២០លានរៀល ព្រមទាំងបញ្ជាឱ្យកែតម្រូវជាបន្ទាន់នូវការដាក់ស្លាកសញ្ញា បញ្ជាក់ប្រភេទត្រី និងតម្លៃឱ្យបានច្បាស់លាស់នៅគ្រប់សាខាទាំងអស់ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់។
ក្រោយរងវិធានការនេះ ហាង «ចរណៃ» បានចេញសេចក្តីជូនដំណឹងសុំអភ័យទោសជាថ្មីចំពោះកំហុសឆ្គងដែលបានកើតឡើង និងថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រហាងកន្លងមក។ ទន្ទឹមនឹងនេះ ហាងក៏បានប្រកាសថា ប្រសិនបើមិនមានការប្រែប្រួលណាមួយទេ អាជីវកម្មទាំងអស់នឹងផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ តទៅ។
ហាងបានបញ្ជាក់ថា រយៈពេលពីរខែខាងមុខនេះ នឹងត្រូវប្រើប្រាស់សម្រាប់បង្ហើយស្តុកទំនិញដែលនៅសេសសល់ ផ្តល់ពេលវេលាឱ្យបុគ្គលិកស្វែងរកការងារថ្មី និងឱ្យម្ចាស់ទីតាំងជួលអាចស្វែងរកអ្នកជួលថ្មីបានផងដែរ។
ជាមួយគ្នានេះ ហាង «ចរណៃ» បានអះអាងថា ខ្លួនលក់តែត្រីសាម៉ុនអាត្លង់ទិក (Atlantic Salmon) ដែលនាំចូលពីប្រទេសន័រវែស និងអូស្ត្រាលី ព្រមទាំងត្រីត្រោត (Fjord Trout) ដែលចិញ្ចឹមនៅប្រទេសន័រវែសប៉ុណ្ណោះ។ ហាងក៏បានបញ្ជាក់ថា មិនធ្លាប់លក់ត្រីត្រោតធម្មជាតិ ឬត្រីត្រោតដែលនាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសន័រវែសនោះឡើយ។


ការប្រកាសផ្អាកអាជីវកម្មរបស់ហាង «ចរណៃ» បានទាក់ទាញការចាប់អារម្មណ៍ពីមហាជន ខណៈករណីនេះកំពុងក្លាយជាប្រធានបទដែលអ្នកប្រើប្រាស់ និងអ្នកតាមដានវិស័យសុវត្ថិភាពម្ហូបអាហារយកចិត្តទុកដាក់យ៉ាងខ្លាំង។

