មណ្ឌលគិរី៖ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVESTMENT (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អនុវត្តការគ្រប់គ្រងសំណល់រឹង និងសំណល់រាវឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទដ្ឋានបរិស្ថាន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថានក៏បានជំរុញឱ្យក្រុមហ៊ុនធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុសម្រាប់ការស្តារបរិស្ថានឡើងវិញ និងរៀបចំផែនការស្តារបរិស្ថានមុនពេលបញ្ចប់អាជីវកម្ម ស្របតាមលក្ខខណ្ឌដែលបានកំណត់ក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
យោងតាមក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចរបស់ក្រសួង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាននៅទីតាំងក្រុមហ៊ុនខាងលើ និងបានរកឃើញថា ក្រុមហ៊ុនពុំបានដំណើរការអាជីវកម្មនោះទេ ដោយសារអាជ្ញាបណ្ណរុករករ៉ែដែលចេញដោយក្រសួងរ៉ែ និងថាមពល បានផុតសុពលភាពតាំងពីខែមីនា ឆ្នាំ២០២៦។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឡើងវិញ។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ ក្រុមការងារបានប្រមូលសំណាកទឹកចំនួន ១សំណាក និងសំណាកដីចំនួន ២សំណាក ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនការស្តារបរិស្ថានឡើងវិញ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រទាំងឡាយដែលមិនគោរពបទដ្ឋានបរិស្ថាន បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ ដើម្បីសម្រេចគោលដៅកម្ពុជាស្អាត បៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ត្រយងតូច

