កំពង់ធំ៖ ដើម្បីរួមចំណែកជាមួយវិស័យសុខាភិបាល និងជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ លោក ញង កង ប្រធានកម្រងអង់ឃ្លាំ បានដឹកនាំលោកគ្រូ អ្នកគ្រូក្នុងកម្រងអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូសរុបចំនួន ២៦នាក់ ក្នុងនោះស្ត្រី ១៥នាក់ ដែលបានបង្ហាញពីស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម។

លោក ញង កង បានមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាអំណោយជីវិតដ៏មានតម្លៃ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់។ លោកបានគូសបញ្ជាក់ថា សកម្មភាពនេះមិនត្រឹមតែផ្តល់ឈាមសម្រាប់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងការចូលរួមក្នុងកិច្ចការមនុស្សធម៌។

ប្រធានកម្រងអង់ឃ្លាំរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងមន្ត្រីអប់រំ បន្តចូលរួមបរិច្ចាគឈាមជាប្រចាំ ដើម្បីធានាថា មន្ទីរពេទ្យមានឈាមគ្រប់គ្រាន់សម្រាប់ព្យាបាល និងសង្គ្រោះអ្នកជំងឺនៅគ្រប់កាលៈទេសៈ។


ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់ពេលវេលា និងចូលរួមសកម្មភាពដ៏មានអត្ថន័យនេះ ដោយចាត់ទុកថា ជាគំរូដ៏ល្អនៃការបម្រើសង្គម និងការបណ្តុះស្មារតីមនុស្សធម៌ដល់សិស្សានុសិស្ស និងសហគមន៍។

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្តុកឈាមជាតិ និងជាសកម្មភាពមនុស្សធម៌ដែលបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាពក្នុងសង្គមកម្ពុជា៕

អត្ថបទ៖ កំពង់ធំ

Share.