កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងទេសចរណ៍ អាជ្ញាធរជាតិសំបូរព្រៃគុក និងដៃគូពាក់ព័ន្ធ កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តកំពង់ធំ។



នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ចុះពិនិត្យទីតាំង និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ហាន កុសល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុក និងដៃគូវិស័យឯកជន ក្នុងគោលបំណងអបអរសាទរខួប៩ឆ្នាំនៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តកំពង់ធំ។
ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីជិះកង់ទេសចរណ៍មានចម្ងាយ ៣០គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ឆ្ពោះទៅកាន់តំបន់ប្រាសាទសំបូរព្រៃគុក។ ចំណែកការរត់ឆ្លងឧបសគ្គ នឹងមានចម្ងាយ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដើម្បីផ្តល់ជម្រើសដល់អ្នកចូលរួមគ្រប់កម្រិត។
ក្នុងឱកាសចុះពិនិត្យទីតាំងនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃថា ទីតាំងដែលបានជ្រើសរើសមានលក្ខណៈសមស្រប សុវត្ថិភាព និងអំណោយផលសម្រាប់ការរៀបចំព្រឹត្តិការណ៍ ដោយធានាបាននូវបរិយាកាសស្អាត អនាម័យល្អ និងផាសុកភាពសម្រាប់កីឡាករ កីឡាការិនី និងភ្ញៀវទេសចរដែលនឹងចូលរួម។
ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក៕
អត្ថបទ៖ កំពង់ធំ

