កំពង់ធំ៖ កម្លាំងចម្រុះស្រុកសណ្តាន់ បានចុះល្បាត និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍នៃគម្រោងរេដបូកទំរីង ដោយបានរកឃើញដីព្រៃរងការកាប់ឆ្ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់មានទំហំជិត ៤៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក តាន់ ម៉េងឆិះ អភិបាលរងស្រុកសណ្តាន់ ដោយមានការចូលរួមពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើទំរីង និងកម្លាំងប្រតិបត្តិការសឹករងខេត្តកំពង់ធំ។

ក្នុងអំឡុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញទីតាំងមួយកន្លែង ស្ថិតនៅតំបន់អូរចំលងតៃ ត្រង់ចំណុចនិយាមកា (553584-1442954) ដែលមានស្លាកស្នាមនៃការកាប់រានព្រៃកាលពីពេលកន្លងមក។ នៅទីតាំងនោះ សមត្ថកិច្ចបានពិនិត្យឃើញគល់ឈើក្រៀមជាច្រើន និងមានការដាំកូនចន្ទីនៅលើផ្ទៃដីដែលត្រូវបានកាប់ឆ្ការ ប៉ុន្តែមិនបានជួបប្រទះជនល្មើស ឬវត្ថុតាងពាក់ព័ន្ធដូចជា គ្រឿងចក្រ ឬឧបករណ៍ប្រព្រឹត្តបទល្មើសនោះទេ។



បន្ទាប់ពីធ្វើការវាស់វែង និងផ្ទៀងផ្ទាត់តាមប្រព័ន្ធនិយាមកាភូមិសាស្ត្រ ក្រុមជំនាញបានកំណត់ថា ផ្ទៃដីព្រៃដែលរងការកាប់ឆ្ការទន្ទ្រានខុសច្បាប់នេះ មានទំហំសរុបជិត ៤៣ហិកតា។ សមត្ថកិច្ចបានបញ្ជាក់ថា សកម្មភាពកាប់រានទន្ទ្រានដីព្រៃខាងលើ ពុំមានលិខិតអនុញ្ញាតស្របច្បាប់ឡើយ និងជាទង្វើល្មើសធ្ងន់ធ្ងរលើច្បាប់ស្តីពីព្រៃឈើ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនពាក់ព័ន្ធ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយមិនមានការលើកលែងនោះទេ។

ការបង្ក្រាបនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការការពារ និងអភិរក្សធនធានព្រៃឈើ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ សម្រាប់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ កំពង់ធំ

Share.