ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Abhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។



នៅក្នុងកិច្ចជំនួបជាផ្លូវការនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដើម្បីបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន៖
ទី១៖ ផ្ដោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តជម្រុញទំនាក់ទំនងផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។
ទីពីរ៖ ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ការហ្វឹកហ្វឺន និងការកសាងសមត្ថភាពកងទ័ព។
ទីបី៖ ពិភាក្សាលើការតាមដាន និងរួមចំណែករក្សាសន្តិសុខ ស្ថិរភាពសន្តិសុខនៅក្នុងតំបន់។


ជំនួបពិភាក្សានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងការពារជាតិកម្ពុជា និងភាគីយោធាឥណ្ឌា ក្នុងការរួមគ្នាលើកកម្ពស់វិស័យការពារជាតិ និងសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

