ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដោយអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលយកព័ត៌មាន ដោយត្រូវជ្រើសរើសតែប្រភពណាដែលមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ អាចផ្ទៀងផ្ទាត់បាន និងមានភាពជឿទុកចិត្តបានតែប៉ុណ្ណោះ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានគូសបញ្ជាក់ថា ព័ត៌មានដែលផ្លូវការ និងគួរជាទីទុកចិត្ត គឺការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ដែលជាបញ្ហាក្តៅ និងមានភាពប្រកៀកប្រកិតទៅនឹងសន្តិសុខប្រទេសជាតិ ក្រសួងការពារជាតិបានអះអាងថា ខ្លួននឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានជាផ្លូវការ ដើម្បីជម្រាបជូនសាធារណៈជនឲ្យបានជ្រាប។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិក៏បានដាក់ចេញនូវការព្រមាន ដោយបញ្ជាក់ថា ចំពោះជនណាដែលក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់រលកព័ត៌មានក្លែងក្លាយ ដែលអាចបង្កឲ្យមានការភាន់ច្រឡំ ភាពភ័យខ្លាច ឬការយល់ខុសក្នុងចំណោមមជ្ឈដ្ឋានសាធារណៈជន ដែលអាចឈានទៅដល់ការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គមទាំងមូល៕

