ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានចុះអនុវត្តការងារត្រួតពិនិត្យរដ្ឋបាលតាមទីតាំងស្នាក់នៅជនបរទេសចំនួន ៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយរកឃើញជនបរទេសសរុបចំនួន ៣០នាក់ ក្នុងនោះមានស្រី ១នាក់ មាន ២សញ្ជាតិ គឺជនជាតិចិន ២៩នាក់ និងម៉ាឡេស៊ី ១នាក់។

តាមការបញ្ជាក់របស់អាជ្ញាធរ ទីតាំងចំនួន ២ បានរកឃើញជនបរទេសចំនួន ៦នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ហើយមិនមានសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញឡើយ។

ដោយឡែក នៅទីតាំងទី៣ ស្ថិតនៅបុរីជីបម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ អាជ្ញាធរបានរកឃើញជនបរទេសចំនួន ២៤នាក់ ក្នុងនោះមានជនជាតិចិន ២៣នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់ (ស្រី)។ ក្នុងចំណោមជនជាតិចិន មាន ៦នាក់មានលិខិតឆ្លងដែន ខណៈក្នុងនោះ ២នាក់ផុតសុពលភាពទិដ្ឋាការ។

ការត្រួតពិនិត្យក៏បានរកឃើញវត្ថុតាងជាច្រើន រួមមាន ម៉ូនីទ័រ ២គ្រឿង, CPU ១គ្រឿង, កុំព្យូទ័រយួរដៃ ២២គ្រឿង, ទូរស័ព្ទដៃ ៦៩១គ្រឿង, Router WiFi ១គ្រឿង, ឧបករណ៍បំបែកអ៊ីនធឺណិត ១០គ្រឿង, ឧបករណ៍សាកថ្ម ១០គ្រឿង និងម៉ាស៊ីន DVR ១គ្រឿង។

យោងតាមការធ្វើកោសល្យវិច្ឆ័យពីមន្ត្រីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បច្ចុប្បន្ន ជនសង្ស័យចំនួន ២៤នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.