ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្យុះទី៧ ឈ្មោះ មេខឡា (Mekkhala) និងព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos) ដែលកំពុងសកម្មនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានជះឥទ្ធិពលដល់របបខ្យល់មូសុងនិរតី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះឡើយ។

តាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រមួយចំនួន អាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយគ្របដណ្តប់លើផ្ទៃដីចន្លោះពី ២៥% ទៅ ៣៥%។ដោយឡែក នៅតំបន់មាត់សមុទ្រ រលកសមុទ្រអាចមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ ខណៈសីតុណ្ហភាពនៅទូទាំងប្រទេសអាចប្រែប្រួលពី ២៤ ដល់ ៣៦អង្សាសេ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ និងអ្នកនេសាទសមុទ្រ ឱ្យបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងពេលនេះ៕

