ប៉ូលីសអាមេរិក​បាន​ឱ្យដឹងកាលពីពេលថ្មីៗនេះថា គេបានប្រទះឃើញសពកុមារ៤នាក់ និងមនុស្សចាស់ពីរនាក់បានស្លាប់នៅក្នុង​ផ្ទះមួយកន្លែងនៅតំបន់ភាគខាងលើ​នៃរដ្ឋញូវយ៉ក ក្រោយ​មាន​ការ​ហៅទូរស័ព្ទឱ្យទៅពិនិត្យសុខទុក្ខអ្នក​ដែល​កំពុងរស់នៅ​អាផាតមិន​ John S. Moore Homes ដោយ​សារអ្នក​បានទូរស័ព្ទប្ដឹងប៉ូលីសបាន​ប្រាប់ថាពួកគេ​មិនបានដំណឹងពីអ្នករស់នៅក្នុងផ្ទះនោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយបន្ទាប់មក មន្ត្រីនគរបាលក៏បានរកឃើញកុមារ ៤ នាក់ និងមនុស្សពេញវ័យ ២ នាក់ ស្លាប់នៅខាងក្នុងអាផាតមិននោះតែម្តង។

អ្នករស់នៅក្នុងអគារអាផាតមិនជាមួយគ្នានោះម្នាក់ គឺអ្នកស្រី Megan Reed អាយុ ៣៨ ឆ្នាំ បានប្រាប់សារព័ត៌មាន Times Union ថា ជនរងគ្រោះគឺជាម្តាយ កូនៗទាំង ៤ នាក់របស់គាត់ និងជីដូនរបស់ពួកគេ។

អ្នកស្រី Reed បាននិយាយថា ជីដូនរូបនោះរស់នៅក្នុងអាផាតមិនមួយទៀតក្នុងអគារជាមួយគ្នានេះ ហើយគាត់តែងតែ «នៅជាមួយ (ម្តាយ) ជារៀងរាល់ថ្ងៃដើម្បីជួយមើលថែ»។ គាត់បានបន្ថែមថា៖ «ក្មេងៗទាំងនោះមិនគួរ​មក​ជួប​ រឿងបែបនេះទាល់តែសោះ»។

គេនៅមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះបានស្លាប់ដោយរបៀបណានោះទេ ប៉ុន្តែនគរបាលបាននិយាយថា មិនមានការគំរាមកំហែងណាមួយបន្ថែមទៀតដល់សាធារណជននៅពេលនេះឡើយ។ ដោយសារតែព័ត៌មានលម្អិតជុំវិញ​សោកនាដកម្មនេះត្រូវបានបញ្ចេញតិចតួចពេក អ្នកស្រុកនៅក្នុងតំបន់បាននិយាយថា ពួកគេមានការតក់ស្លុតជាខ្លាំងចំពោះការស្លាប់របស់គ្រួសារនេះ។

អ្នកជិតខាងម្នាក់ទៀតបានប្រាប់ Times Union ថា ជីដូននិងម្តាយនោះ «មិនដែលនៅបែកគ្នាឡើយ» ហើយពួកគេ «ដូចជាមិត្តល្អនឹងគ្នាអ៊ីចឹង»។

អ្នកស្រុកបាននិយាយថា ការស្លាប់នេះបានកើតឡើងនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃឆ្នាំសិក្សារបស់វិទ្យាល័យ Mechanicville ហើយកាលពីព្រឹកថ្ងៃពុធ គេបានឃើញសិស្សសាលាមួយចំនួនដែលពាក់មួក និងអាវ gown ពណ៌ក្រហម (អាវបញ្ចប់ការសិក្សា) បានទៅដល់កន្លែងកើតហេតុ និងបានលុតជង្គង់ចុះ។

អាយុរបស់កុមារដែលបានស្លាប់មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ ទោះជាយ៉ាងណា លោក G. Michael Apostol ដែលជាប្រធានតំបន់សិក្សា Mechanicville Central School District បាននិយាយថា ខាងសាលាកំពុងផ្តល់សេវាប្រឹក្សាផ្លូវចិត្តសម្រាប់សិស្សវិទ្យាល័យ ដើម្បីជួយពួកគេក្នុងការឆ្លងកាត់សោកនាដកម្មនេះ។

ការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើង ហើយប៉ូលីសរដ្ឋញូវយ៉ក (New York State Police) បាននិយាយថា ខ្លួនកំពុងជួយជ្រោមជ្រែងដល់ស្នងការដ្ឋាននគរបាលក្រុង Mechanicville លើករណីនេះ។

ស្នងការដ្ឋានប៉ូលីសបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មូលហេតុ និងរបៀបនៃការស្លាប់ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយនឹងត្រូវកំណត់តាមរយៈដំណើរការស៊ើបអង្កេត និងកោសល្យវិច័យវេជ្ជសាស្ត្រ​ឱ្យ​បាន​​ត្រឹម​ត្រូវ​»។

https://troryorng.com/
Share.