ស្វាយរៀង៖ សិស្សមួយចំនួនតូច ដែលគេចម៉ោងសិក្សា ទៅប្រមូលផ្តុំគ្នាតាមផ្ទះ តូបលក់កាហ្វេ និងកន្លែងស្នូកឃ័រ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ចុះឃាត់យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង។

តាមការបញ្ជាក់របស់សមត្ថកិច្ច ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ដោយបានចុះត្រួតពិនិត្យនៅចំនួន ៣ទីតាំង និងឃាត់សិស្សបានសរុប ១៨នាក់។

សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងឱ្យសិស្សទាំងនោះធ្វើកិច្ចសន្យា ដើម្បីជំរុញឱ្យត្រឡប់ទៅសិក្សាឲ្យបានទៀងទាត់ និងក្លាយជាកម្លាំងធនធានមនុស្សល្អសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ឲ្យបង្កើនការយកចិត្តទុកដាក់ តាមដាន និងអប់រំកូនចៅឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងការគេចសាលា និងចូលរួមសកម្មភាពមិនសមរម្យផ្សេងៗ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.