នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីមាតុភូមិ ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងឱកាសនៃការយាង និងអញ្ជើញបំពេញទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន នឹងមានជំនួបពិភាក្សាការងារសំខាន់ៗជាច្រើន ដូចជា ជំនួបទ្វេភាគី ជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ជាមួយគ្នានោះដែរ សម្ដេចក៏មានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។










ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកំឡុងពេលដែលព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់នៅក្នុងប្រទេសចិនផងដែរ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺសបញ្ជាក់ឱ្យឃើញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប។ លើសពីនេះ វាក៏ជាការជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលមួយចំនួនទៀត៕

