ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមដងផ្លូវ ដើម្បីយកស្ពាន់លក់ជាអេតចាយ កាលពីវេលាម៉ោង ២ និង ៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ជនសង្ស័យមានឈ្មោះ ឈូក ឡុក ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាត់ខ្សែភ្លើងនៅចំណុចមុខផ្ទះលេខ១០ ផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ដើម្បីយកលួសស្ពាន់លក់។ ក្រោយពីកាត់ខ្សែភ្លើង បណ្ដាលឱ្យដាច់ចរន្តអគ្គិសនី ខណៈដែលកម្លាំងល្បាតកំពុងបំពេញភារកិច្ច បានប្រទះឃើញសកម្មភាព និងឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

