ស្វាយរៀង៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយក្រុមការងារ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះចំនួន ១៩គ្រួសារ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

គ្រួសារដែលរងផលប៉ះពាល់ទាំងនេះ ស្ថិតនៅឃុំមេសថ្ងក និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ចំនួន ៣ខ្នងផ្ទះ និងសង្កាត់បាទី ក្រុងបាវិត ចំនួន ១៦ខ្នងផ្ទះ បន្ទាប់ពីរងការបំផ្លាញដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងចំណោមនោះ មានការខូចខាតធ្ងន់ធ្ងរ ៣ខ្នង មធ្យម ៧ខ្នង និងតិចតួច ៩ខ្នង។

ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលបានកើតឡើង។

លោកជំទាវបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងការខ្វះខាតស្បៀងអាហារ ឬគ្មានទីជម្រកដោយសារគ្រោះមហន្តរាយឡើយ។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងរដូវវស្សា ដើម្បីកាត់បន្ថយហានិភ័យ និងការបាត់បង់អាយុជីវិត។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលជ័រ ១ ឃីតសម្ភារៈប្រើប្រាស់ ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានបន្ថែមនូវកៅស៊ូតង់ ធុងទឹក ឆ្នាំង និងថវិកា ២០ម៉ឺនរៀល ដើម្បីជួយស្តារជីវភាព និងជួសជុលលំនៅឋានឡើងវិញ៕

Share.