កណ្ដាល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំបាត ស្រុកពញាឮ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០ នាទី បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅភូមិថ្មស ឃុំភ្នំបាត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺ ប៉ក់ ចាន់ណា អាយុ ៣១ឆ្នាំ និង គឹម ភារម្យ អាយុ ២៥ឆ្នាំ។ លទ្ធផលតេស្តបង្ហាញថា ទាំងពីរមានសារធាតុញៀនក្នុងទឹកនោម ហើយក៏មានប្រវត្តិពាក់ព័ន្ធករណីគ្រឿងញៀនពីមុនផងដែរ។

វត្ថុតាងដែលដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ១កញ្ចប់ ទម្ងន់ប្រហែល ២.៥១ក្រាម ទូរសព្ទដៃ ២គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ជញ្ជីងអេឡិចត្រូនិច ១គ្រឿង និងបារីអេឡិចត្រូនិច ១ដើម។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍អំពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងខាងលើ។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានជោគជ័យ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ និងវត្ថុតាង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.