ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជំរុញឱ្យមានការឆ្លើយតបប្រកបដោយ «នវានុវត្តន៍ និងភាពច្នៃប្រឌិតខ្ពស់» ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ដែលកំពុងវិវឌ្ឍកាន់តែស្មុគស្មាញស្របពេលដែលពិភពលោកជួបប្រទះវិបត្តិសន្តិសុខ និងការរីកចម្រើននៃបច្ចេកវិទ្យា។

យោងតាមបរិបទសកលដែលការិយាល័យ​​ UNODC បានកំណត់ រាជរដ្ឋាភិបាលកម្ពុជាបានសំយោគ និងដាក់ចេញប្រធានបទជាតិសម្រាប់ឆ្នាំនេះគឺ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។

សម្តេចធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៦ នេះ ស្ថានភាពភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក មានភាពផុយស្រួយ និងប្រែប្រួលយ៉ាងគំហុក។ ឱកាសនេះត្រូវបានក្រុមឧក្រិដ្ឋជនឆ្លៀតឱកាសពង្រីកបណ្តាញចាក់ស្រេះ និងផ្សារភ្ជាប់បទល្មើសគ្រឿងញៀនទៅនឹងបទល្មើសមិនប្រពៃណីផ្សេងៗ ព្រមទាំងការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ផងដែរ។

ទោះបីជាកម្ពុជាត្រូវបានរងឥទ្ធិពលពីកត្តាមិនអំណោយផលទាំងនេះ រួមទាំងការឈ្លានពានបូរណភាពទឹកដីពីប្រទេសជិតខាងក្តី ក៏រាជរដ្ឋាភិបាលនៅតែចាត់ទុកថា «សន្តិសុខ និងសុវត្ថិភាពសង្គម» ជាអាទិភាពចម្បងបំផុតសម្រាប់ប្រជាពលរដ្ឋ ដោយបានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ និងវិធីសាស្ត្រថ្មីៗជាបន្តបន្ទាប់។

ក្នុងរយៈពេលកន្លងមក កម្ពុជាបានសម្រេចនូវរបកគំហើញសំខាន់ៗក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនតាមបែបទំនើបកម្ម រួមមាន៖ ការធ្វើបរិវត្តកម្មឌីជីថលតាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដៃ «App NoDrug» ដែលជាឧបករណ៍អប់រំ និងជាប្រព័ន្ធរាយការណ៍សម្ងាត់ពីមូលដ្ឋានជូនសមត្ថកិច្ច ២៤ម៉ោងលើ២៤ម៉ោង (២៤/៧)។ ការអនុវត្តវិធានការ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីបឹង» តាមរយៈបទបញ្ជាលេខ ០១ បប (ចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿងញៀន) និងបទបញ្ជាលេខ ០២ បប (ហាមឃាត់ដាច់ខាតលើឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា)។ ការបង្កើតនីតិវិធីប្រតិបត្តិ និងប្រព័ន្ធឌីជីថលគ្រប់គ្រងជនរងគ្រោះដោយសារគ្រឿងញៀននៅតាមមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្រមទាំងការចាប់ដៃគូសហការជាមួយវិស័យឯកជន។

ជាលទ្ធផលប្រកបដោយផ្លែផ្កា សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា ផ្អែកលើរបាយការណ៍ឆ្នាំកន្លងទៅ ក្នុងចំណោមគ្រឿងញៀនដែលចរាចរឆ្លងកាត់កម្ពុជា មានតែប្រមាណ ១៥% ទៅ ២០% ប៉ុណ្ណោះ ដែលត្រូវបានប៉ុនប៉ងជួញដូរនៅក្នុងប្រទេស ខណៈដែល ៨០% ទៅ ៨៥% ទៀត ត្រូវបានបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលាក្នុងគោលដៅនាំចេញទៅប្រទេសទីបី។

តួលេខនេះសបញ្ជាក់ថា ទីផ្សារប្រើប្រាស់គ្រឿងញៀនក្នុងស្រុកត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ មានការយល់ដឹងខ្ពស់ មិនងាយចាញ់បោក ឬសាកល្បង ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ការរស់នៅ ទេសចរណ៍ និងការវិនិយោគ។

សូមជម្រាបថា ទោះជាសម្រេចបានជោគជ័យធំធេងក្នុងពាក់កណ្តាលអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារដាស់តឿនដល់ជនរួមជាតិ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ មិនត្រូវធ្វេសប្រហែសនោះឡើយ។ កម្ពុជានៅត្រូវតែបន្តត្រៀមខ្លួនជានិច្ច ជាមួយនឹងភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ដើម្បីតទល់នឹងវិញ្ញាសាថ្មីៗ និងឥទ្ធិពលអវិជ្ជមាននៃបទល្មើសបច្ចេកវិទ្យា ដើម្បីការពារសង្គមជាតិឱ្យបានគង់វង្ស និងមានចីរភាព៕

Share.