ភ្នំពេញ៖ នៅក្នុងស្មារតីមនុស្សធម៌ និងការរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ភរិយាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបច្ច័យចំនួន ១៦០,០០០,០០០ (មួយរយហុកសិបលាន) រៀល កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

បច្ច័យទាំងនេះ គឺជាព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ពី «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដើម្បីចូលរួមឧបត្ថម្ភដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា»។

តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានសម្តែងនូវសេចក្តីសោមនស្ស និងដឹងព្រះគុណយ៉ាងជ្រាលជ្រៅ ដោយបានបញ្ជាក់ថា បច្ច័យទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលបំណងដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងគ្រួសារខ្មែរទាំងអស់។






«ខ្ញុំព្រះករុណា នាងខ្ញុំ សូមអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនសម្តេចព្រះសង្ឃ ជូនដល់សប្បុរសជនគ្រប់ៗរូបទាំងជាតិ និងអន្តរជាតិ ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងធនធាន…»។ នេះជាការលើកឡើងប្រកបដោយសេចក្តីជ្រះថ្លារបស់លោកជំទាវ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងបន្តទទួលបានការគាំទ្រ ការចូលរួម និងការឧបត្ថម្ភជានិច្ចពីសំណាក់សប្បុរសជនគ្រប់ទិសទី ដើម្បីធានាដល់និរន្តរភាពនៃការព្យាបាលកុមារ និងដើម្បីអនាគតធនធានមនុស្សដ៏មានតម្លៃរបស់ប្រទេសកម្ពុជា៕

