ការ៉ាកាស ៖ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយ បានវាយប្រហារប្រទេសវេណេស៊ុយអេឡាយ៉ាងទាន់ហន់ បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ និងអគារស្នាក់នៅជាច្រើនរងការខូចខាតយ៉ាងដំណំ ខណៈចំនួនអ្នករងគ្រោះថ្នាក់ត្រូវបានគេព្រួយបារម្ភថាអាចមានចំនួនច្រើនលើសលប់។

ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងកាលពីរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា (ម៉ោងនៅក្នុងតំបន់) ដោយមានការញ័ររន្ធត់បន្តបន្ទាប់គ្នាចំនួន ២ រលកធំៗ៖ រលកទី១មានកម្រិតរញ្ជួយ ៧.២រ៉ិចទ័រដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងការ៉ាកាស។ មិនដល់ ១ នាទីផងក្រោយមក រលកទីពីរបានវាយប្រហារបន្ថែមក្នុងកម្រិតវិនាសកម្មកាន់តែខ្លាំងរហូតដល់ ៧.៥រ៉ិចទ័រ។
របាយការណ៍បឋមបង្ហាញថា អគារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងទីក្រុងការ៉ាកាសបានដួលរលំបាក់បែកជាកម្ទេចកំទី។ គិតមកទល់ពេលនេះ អាជ្ញាធរក្នុងស្រុកនៅមិនទាន់អាចប្រកាសតួលេខផ្លូវការនៃអ្នករងគ្រោះនៅឡើយទេ ដោយសារប្រតិបត្តិការសង្គ្រោះកំពុងធ្វើឡើងទាំងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាក៏ដោយ យោងតាមការវាយតម្លៃបឋមពីទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាមេរិក (USGS) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះ អាចនឹងហក់ឡើងខ្ពស់ចន្លោះពី ១០,០០០នាក់ទៅ១០០,០០០នាក់ ដោយសារតែទំហំនៃការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរ និងគ្របដណ្តប់លើផ្ទៃដីយ៉ាងធំធេង។
បច្ចុប្បន្ន ក្រុមអ្នកជំនាញ និងកម្លាំងសង្គ្រោះបន្ទាន់កំពុងដុតដៃដុតជើងរុករកអ្នកដែលខកខាន និងជាប់នៅក្រោមគំនរអគារ ខណៈពិភពលោកកំពុងតាមដានមើលស្ថានភាពនេះដោយក្តីបារម្ភបំផុត៕

