ភ្នំពេញ៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុបចំនួន ៩៣បណ្ដឹង ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦ ក្នុងនោះមានបណ្ដឹងស្ទួន ១៥បណ្ដឹង និងបណ្ដឹងគ្មានប្រភព ៨បណ្ដឹង។ ចំនួនបណ្ដឹងសរុបនេះ បានថយចុះ ២បណ្ដឹង ស្មើនឹង ២ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ ដែលអគ្គាធិការដ្ឋានបានផ្តល់ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

របាយការណ៍បានបញ្ជាក់ថា បណ្ដឹងដែលបានទទួលរួមមានជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ , ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការ , ប្រជាពលរដ្ឋជាមួយអង្គភាព និងបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ។ គិតទាំងបណ្ដឹងនៅសេសសល់ពីមុន អគ្គាធិការដ្ឋានមានពាក្យបណ្ដឹងសរុបចំនួន ២៥៧បណ្ដឹង។
ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបណ្ដឹង អគ្គាធិការដ្ឋានបានទទួលរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន ៥៦របាយការណ៍ ដែលកើនឡើង ២៤របាយការណ៍ បើធៀបនឹងខែមេសា ខណៈរបាយការណ៍បំភ្លឺចំនួន ៧៤ទៀត កំពុងស្ថិតក្នុងដំណាក់កាលចាត់ការ។ ជាមួយគ្នានេះ អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់ចែងលើពាក្យបណ្ដឹង ៥២ករណី និងរបាយការណ៍បំភ្លឺ ៣៥ករណីផងដែរ។






ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានសម្រេចដោះស្រាយបណ្ដឹងចំនួន ៧៧ករណី។


ឯកឧត្តមបន្តថា ក្នុងចំណោមពាក្យបណ្ដឹងសរុប ២៥៧ករណី អគ្គាធិការដ្ឋានបានដោះស្រាយសម្រេចប្រមាណ ៥០ភាគរយ ប៉ុន្តែលទ្ធផលនេះថយចុះ ២០ភាគរយ បើធៀបនឹងខែមេសា។ ចំណែកពាក្យបណ្ដឹងនៅសេសសល់ចំនួន ១៨០ករណីទៀត កំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធី ដោយយកចិត្តទុកដាក់ខ្ពស់៕

