កំពង់ធំ៖ មនុស្សចំនួន ៥នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីអ្នកបើកបរងងុយដេក បណ្តាលឱ្យរ៉េចង្កូតធ្លាក់ផ្លូវ និងក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧:២៥នាទី ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ២១៨-២១៩ ស្ថិតក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង។

តាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្តដែលបង្កហេតុជាប្រភេទ តូយ៉ូតា អាល់ផាត (Toyota Alphard) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO-8181 បើកបរដោយឈ្មោះ ចាន់ រតនា អាយុ ៣៦ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ដែលបានរងរបួសធ្ងន់។
ក្នុងនោះផងដែរ អ្នករួមដំណើរចំនួន ៤នាក់ផ្សេងទៀតក៏រងរបួសផងដែរ រួមមាន៖ រ៉េត សុវណ្ណារ៉ា (របួសស្រាល), ធា រី (របួសធ្ងន់), រ៉េត បូរិន (របួសធ្ងន់) និង ឡា វីឡា (របួសធ្ងន់)។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបានជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទាំងអស់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្ទោងភ្លាមៗ។ ចំណែករថយន្តដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ ឈិត សំបូរ

