ប៉ូលីសទីក្រុងប៉ារីសបានប្រាប់អ្នកយកព័ត៌មានថា ការពិសារគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈផ្សេងទៀត ក៏ដូចជាការលក់គ្រឿងស្រវឹងខ្ចប់យកទៅក្រៅ នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃសុក្រនេះតទៅ ចំពេលដែលមានរលកកម្តៅយ៉ាងខ្លាំងកំពុងតែវាយលុក។

អាជ្ញាធរបារាំងបានថ្លែងថា ការពិសារគ្រឿងស្រវឹងជាសាធារណៈនឹងត្រូវហាមឃាត់នៅក្នុងទីក្រុងប៉ារីសចាប់ពីថ្ងៃសុក្រ ដោយលើកឡើងថា មន្ទីរពេទ្យនានានៅក្នុង និងជុំវិញរដ្ឋធានីកំពុងជួបភាពណែនណាន់តាន់តាប់ខ្លាំង (លើសចំណុះ) ចំពេលមានរលកកម្តៅខ្លាំងបំបែកកំណត់ត្រា។

លោក Patrice Faure ស្នងការប៉ូលីសក្រុងប៉ារីសបានមានប្រសាសន៍ថា៖ «យើងកំពុងឈានដល់ចំណុចហួសពីសមត្ថភាពផ្ទុកនៅក្នុងបរិក្ខារមន្ទីរពេទ្យហើយ» ដោយលោកបានបន្ថែមថា «ចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែបន្តកើនឡើង»។

លោក Faure បានប្រាប់អ្នកយកព័ត៌មានថា ការពិសារគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈផ្សេងទៀត ក៏ដូចជាការលក់គ្រឿងស្រវឹងខ្ចប់យកទៅក្រៅ នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃសុក្រនេះ។

បទបញ្ជាមួយដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បានហាមឃាត់ការពិសារគ្រឿងស្រវឹងជាសាធារណៈនៅចន្លោះម៉ោង ១២ ថ្ងៃត្រង់ថ្ងៃសុក្រ ដល់ម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ និងចន្លោះម៉ោង ១២ ថ្ងៃត្រង់ថ្ងៃសៅរ៍ ដល់ម៉ោង ៧ ព្រឹកថ្ងៃអាទិត្យ។

ស្នងការដ្ឋានប៉ូលីសក្រុងប៉ារីសបានបញ្ជាក់ថា៖ «ការហាមឃាត់នេះ មិនអនុវត្តចំពោះតំបន់ទីធ្លាសាធារណៈដែលជាធម្មតាត្រូវបានប្រើប្រាស់ដោយភោជនីយដ្ឋាន និងបារដែលមានលិខិតអនុញ្ញាតត្រឹមត្រូវនោះទេ»។

ការលក់គ្រឿងស្រវឹងខ្ចប់យកទៅក្រៅ ត្រូវបានហាមឃាត់ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសុក្រ ដល់ម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ និងចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ ដល់ម៉ោង ៧ ព្រឹកថ្ងៃអាទិត្យ។

សេចក្តីសម្រេចនោះបានចែងថា៖ «ការហាមឃាត់នេះ ក៏អនុវត្តចំពោះហាងលក់រាយដែលលក់តែភេសជ្ជៈប្រភេទនេះផងដែរ»។

លោក Faure បានឱ្យដឹងថា កងពន្លត់អគ្គីភ័យក្រុងប៉ារីសបានមើលឃើញថា ចំនួននៃការចេញអន្តរាគមន៍របស់ខ្លួនបានកើនឡើងទ្វេដង ដោយសម្រេចបានរហូតដល់ជាង ២,៥០០ ប្រតិបត្តិការ កាលពីថ្ងៃព្រហស្បតិ៍។

https://troryorng.com/
Share.