កំពង់ចាម៖ អាជ្ញាធរជំនាញបាននាំយកផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ទៅដុតកម្ទេចចោល ដើម្បីការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពអាហារជូនប្រជាពលរដ្ឋ។

សកម្មភាពនេះបានអនុវត្តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំដោយលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការចូលរួមពីមន្ត្រីពាក់ព័ន្ធ រួមទាំងតំណាងអង្គភាព ក.ប.ប ផងដែរ។

តាមមន្ត្រីជំនាញបានបញ្ជាក់ថា ផលិតផលទាំងនេះត្រូវបានរកឃើញថា ដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ពិសេសខ្វះប្រព័ន្ធត្រជាក់សម្រាប់រក្សាគុណភាព ដែលបណ្តាលឱ្យសាច់ប្រែពណ៌ មានក្លិនមិនល្អ និងខូចគុណភាពទាំងស្រុង។

មន្ត្រីបានព្រមានថា ប្រសិនបើផលិតផលខូចគុណភាពទាំងនេះត្រូវបានដាក់លក់នៅលើទីផ្សារ អាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ ដូច្នេះការដុតកម្ទេចគឺជាវិធានការចាំបាច់ ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានសុវត្ថិភាព៕

អត្ថបទ៖ អាចារ្យលាក់

Share.