ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីណែនាំមួយ ក្នុងគោលបំណងថែរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងសីលធម៌ថ្លៃថ្នូរក្នុងការចូលទៅកាន់វត្តអារាម ដែលជាទីបូជនីយដ្ឋានគោរពសក្ការៈ និងជា​បេះ​ដូង​នៃអត្តសញ្ញាណជាតិខ្មែរ។

ការចេញសេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា មានសាធារណជន ក៏ដូចជាយុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាព និងសម្តែងឥរិយាបថមិនសមរម្យ ដូចជាការស្លៀកពាក់ខុសឆ្គង និងការថតរូប/វីដេអូបង្ហោះលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃនៃវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ដើម្បីចូលរួមគោរព និងអភិរក្សតម្លៃដ៏ល្អផូរផង់នេះ ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវវិធានការណែនាំចំនួន ៧ ចំណុចសំខាន់ៗ ដូចខាងក្រោម៖

១. មិនត្រូវស្លៀកសម្លៀកបំពាក់មិនសមរម្យចូលក្នុងបរិវេណវត្ត មានដូចជា សម្លៀកបំពាក់ស្តើង អាវវៀលខ្នង អាវខ្សែទោល ខោ ឬសំពត់ខ្លីលើជង្គង់ ឆើតឆាយ រឹបបន្តឹងរាងកាយ លេចលើ លេចក្រោមទៅថ្វាយបង្គំព្រះសង្ឃ ថ្វាយបង្គំព្រះពុទ្ធរូប និងថតរូបបង្ហោះផ្សព្វផ្សាយតាមបណ្តាញ សង្គមនានា។

២. ត្រូវរក្សាឥរិយាបថថ្លៃថ្នូរ ដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងវត្តអារាម មិនពាក់មួក មិនរោទិ៍ មិនចុចស៊ីផ្លែម៉ូតូឡានក្នុងបរិវេណវត្ត (សម្រាប់ម៉ូតូ កង់ ត្រូវចុះបណ្តើរចាប់ពីខ្លោងទ្វារ) ត្រូវដោះស្បែកជើងពេលឡើងលើព្រះវិហារ ឧបដ្ឋានសាលា (សាលាឆាន់) កុដិព្រះសង្ឃ និងទីសក្ការៈ ផ្សេងៗ និងមិននិយាយឡូឡា ស្រែកហ៊ោកញ្ជ្រៀវ លេងសើចហួសប្រមាណ ឬប្រើពាក្យអសុរោះ។

៣. ពេលជួបព្រះសង្ឃ គប្បីបង្អោនកាយ ឬលើកដៃសំពះ បង្ហាញការគោរព ហើយគប្បីប្រើភាសា ឱ្យបានត្រឹមត្រូវទៅតាមសមណភាវៈ។ ពេលប្រគេនទេយ្យទាន ឬទេយ្យវត្ថុផ្សេងៗ សម្រាប់ ស្ត្រីត្រូវរក្សាគម្លាតពីព្រះសង្ឃមិនត្រូវឱ្យប៉ះពាល់ព្រះកាយព្រះសង្ឃ ចំណែកឥរិយាបថនៃការ អង្គុយ ទាំងបុរសនិងស្ត្រី ត្រូវអង្គុយបត់ជើងយ៉ាងមានរបៀបរៀបរយ ដោយមិនត្រូវសណ្តូកជើង ទៅរកព្រះសង្ឃ ឬព្រះពុទ្ធរូបឡើយ។

៤. ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងបរិវេណវត្តអារាម មិនត្រូវចោលសំរាមពាសវាល ពាសកាល និងមិនត្រូវធ្វើឱ្យខូចខាតនូវសាសនវត្ថុ គូសវាសលើជញ្ជាំងព្រះវិហារ ព្រមទាំងសំណង់ ផ្សេងៗ។

៥. មិនផឹកគ្រឿងស្រវឹងក្នុងបរិវេណវត្ត និងមិនត្រូវចូលវត្តក្នុងពេលស្រវឹង។

៦. មិនត្រូវយកវត្តអារាមធ្វើជាកន្លែងប្រព្រឹត្តអំពើឆបោក និងល្បែងស៊ីសងគ្រប់ប្រភេទ។

៧. គ្រប់វត្តអារាម ជាពិសេសអារាមទេសចរណ៍ ត្រូវត្រៀមក្រមាខ្មែរ កន្សែងដណ្តប់ ឬសំពត់វែង សម្រាប់ពុទ្ធបរិស័ទដែលជាស្ត្រី ឬជនបរទេសដែលចូលក្នុងបរិវេណវត្តហើយមិនបានត្រៀម សម្លៀកបំពាក់សមរម្យ។

ក្រសួងធម្មការនិងសាសនា សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ជាពិសេសយុវជនខ្មែរដែលជាទំពាំងស្នងឫស្សី នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមគ្នាការពារព្រះពុទ្ធសាសនា និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សតទៅ៕

https://troryorng.com/
Share.