កំពង់ធំ៖ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការជាមួយកម្លាំងនគរបាលតាមបណ្តាក្រុង-ស្រុក បើកប្រតិបត្តិការត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកទំនិញសំពីងសំពោង តាមបណ្តោយផ្លូវជាតិក្នុងភូមិសាស្ត្រខេត្ត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្តចំនួន ២គ្រឿង ដើម្បីធ្វើការអប់រំ និងតម្រូវឱ្យម្ចាស់យានយន្តធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមលក្ខណៈបច្ចេកទេស ដោយពុំមានការផាកពិន័យនោះទេ។

អ្នកបើកបររថយន្តទាំងពីរ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានប្តេជ្ញាអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងសន្យាមិនប្រព្រឹត្តការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ឬដឹកទំនិញលើសកម្រិតកំណត់ជាថ្មីទៀតឡើយ។

វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលអាចបណ្តាលមកពីយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងការដឹកទំនិញសំពីងសំពោង។

Share.