នៅក្នុងលិខិតសារដែលប្រធានាធិបតី ស៊ី ជិនពីង និងលោកជំទាវ បានផ្ញើថ្វាយព្រះពរព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចម្រើនព្រះជន្មវស្សា ៩០ ព្រះវស្សា លោកបានបញ្ជាក់អំពីការជំរុញទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែរឹងមាំជាងមុន និងស៊ីជម្រៅបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួម ចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី។


សារលិខិតផ្លូវការនោះត្រូវបានចុះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង ដោយឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ ផេង លីយាន (Peng Liyuan) បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ដោយបានលើកឡើងថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះ ព្រះអង្គតែងតែបានលះបង់ និងបូជាព្រះកាយពលយ៉ាងពិតប្រាកដ ដើម្បីបុព្វហេតុនៃមិត្តភាពរវាងចិន និងកម្ពុជា។
នៅក្នុងព្រះរាជសកម្មភាពកន្លងមក សម្តេចព្រះវររាជមាតាជាតិខ្មែរ បានជម្រុញទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ និងបានរួមចំណែកយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាកសាងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ វិភាគទានមហាឧត្តុង្គឧត្តមទាំងនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជាប្រវត្តិសាស្ត្រ តាមរយៈការថ្វាយ «មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ជូនព្រះអង្គកាលពីឆ្នាំ២០២០ កន្លងទៅ។


យោងតាមខ្លឹមសារលិខិត ថ្នាក់ដឹកនាំចិនបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ខណៈពេលដែលទទួលជ្រាបថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជសុខភាពល្អប្រសើរឡើងជាលំដាប់ ក្នុងកំឡុងពេលដែលព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់តម្រូវព្រះរាជសុខភាពនៅទីក្រុងប៉េកាំង។
ឯកឧត្តម ស៊ី ជិនពីង បានបញ្ជាក់ថា ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងព្រះវររាជមាតា តែងតែស្ថិតនៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជនចិនជានិច្ច។ ភាគីចិនបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តផ្តល់នូវការមើលថែទាំផ្នែកវេជ្ជសាស្ត្រ កម្រិតល្អបំផុត រាល់ការពិនិត្យព្រះរាជសុខភាព និងការសម្រាកតម្រូវព្រះកាយរបស់ព្រះអង្គទាំងទ្វេនៅក្នុងប្រទេសចិន។


ជាទីបញ្ចប់នៃសារលិខិត ប្រធានាធិបតីចិន និងលោកជំទាវ បានគូសបញ្ជាក់ពីការជម្រុញទំនាក់ទំនងប្រទេសទាំងពីរ គឺមិនត្រឹមតែជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការនាំមកនូវផលប្រយោជន៍ និងវឌ្ឍនភាពកាន់តែច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

