ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនកាលពីថ្ងៃសុក្រ (ទី២៦ ខែមិថុនា) បានលុបចោលជើងហោះហើរជាង ១០០ ជើង ខណៈដែលព្យុះទីក្រុងចំនួនពីរបាននិងកំពុងបោកបក់សំដៅមកកាន់ប្រជុំកោះនេះ ដោយអាជ្ញាធរបានណែនាំឱ្យមានការជម្លៀសប្រជាជននៅតាមតំបន់មួយចំនួន ដោយសារតែអាចមានការជន់លិច និងការបាក់ដី។

ព្យុះស៊ីក្លូនកម្រិតធ្ងន់ មេខឡា ដែលត្រូវបានបន្ទាបកម្រិតពីព្យុះទីហ្វុង គឺមានកម្លាំងខ្យល់បោកបក់រហូតដល់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមអ្នកព្យាករណ៍អាកាសធាតុ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានកំពុងបង្អុរចុះ មកលើផ្នែកខ្លះនៃភាគខាងត្បូង និងខាងលិចនៃប្រទេសជប៉ុនរួចទៅហើយ។
ប្រព័ន្ធអាកាសធាតុនេះ ត្រូវបានគេរំពឹងថានឹងបោកបក់កាត់កោះ ឃ្យូស៊ូ និងកោះ ស៊ីកូគូ នៅចុងសប្តាហ៍នេះ ហើយអាចនឹងជួបគ្នាជាមួយព្យុះទីក្រុង ហ៊ីហ្គោស (Higos) ដែលកំពុងតែវិលវល់នៅឆ្ងាយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ករណីនេះ អាចបណ្តាលឱ្យកើតមានបាតុភូតបរិយាកាសមួយដែលគេស្គាល់ថាជា «ឥទ្ធិពលហ្វូជីឡាវ៉ារ៉ា» នៅពេលដែលព្យុះទាំងពីររត់មករកគ្នា ដែលធ្វើឱ្យការទស្សន៍ទាយពីចលនា និងកម្លាំងរបស់ពួកវាមានការលំបាកខ្លាំងជាងមុន។
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និង All Nippon Airways បានលុបចោលជើងហោះហើររៀងៗខ្លួនចំនួន ៧០ ជើង និង ៥០ ជើង ដែលធ្វើដំណើរទៅ និងមកពីតំបន់ភាគខាងត្បូងនៃកោះ អូគីណាវ៉ា និង កាហ្គោស៊ីម៉ា ។

ចំណែកឯតំបន់ ឃ្យូតុ វិញ បានណែនាំឱ្យប្រជាជនជាច្រើនពាន់នាក់ជម្លៀសខ្លួន ដោយព្រមានពីលទ្ធភាពដែលអាចមានការបាក់ដី។ ទាំងតំបន់ ឃ្យូតុ និង អូសាកា បានប្រកាសថា កម្រិតទឹកនៅក្នុងទន្លេធំៗកំពុងតែកើនឡើង ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជន់លិច។
ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានផ្អាកដំណើរការនៅរោងចក្រមួយក្នុងកោះ ឃ្យូស៊ូ ដោយសារតែការបិទផ្លូវដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ខណៈដែលក្រុមហ៊ុន Nissan ក៏បាននិយាយផងដែរថា ខ្លួនមានគម្រោងផ្អាកខ្សែសង្វាក់ផលិតកម្មមួយចំនួន។

ទីភ្នាក់ងារសារព័ត៌មានដដែលនេះបានបន្តថា កងទ័ពជប៉ុនក៏បានលុបចោលជើងហោះហើរដំបូងបង្អស់ដែលបានគ្រោងទុករបស់យន្តហោះដឹកជញ្ជូន V-22 Osprey ទៅកាន់កោះ មីយ៉ាកូ ដែលជាផ្នែកមួយនៃសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកផងដែរ៕

