ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសថា ក្រុមការងារបច្ចេកទេសរបស់គម្រោង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានរកឃើញវត្តមានសត្វព្រៃកម្រ និងប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១០ប្រភេទ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង អំឡុងការសិក្សារយៈពេល ៣ខែ ចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦។

ប្រភេទសត្វដែលបានកត់ត្រាមានដូចជា ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន (ជ្រូកព្រុល) សំពោចកលឿង និងស្វាត្រោស ព្រមទាំងប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀត។

ក្រសួងបរិស្ថានបញ្ជាក់ថា ទិន្នន័យដែលប្រមូលបាន នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កំណត់ និងបែងចែកតំបន់គ្រប់គ្រង ជាពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីពង្រឹងការអភិរក្សជីវចម្រុះ និងការពារទីជម្រកធម្មជាតិរបស់សត្វព្រៃទាំងនេះ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានអំពាវនាវឱ្យបន្តការពារព្រៃឈើ និងទប់ស្កាត់ការបរបាញ់ខុសច្បាប់ ខណៈប្រភេទសត្វមួយចំនួន ដូចជា ដំរីអាស៊ី កំពុងស្ថិតក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទ ជិតផុតពូជ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់។

Share.