បន្ទាយមានជ័យ៖ អគ្គិភ័យឆាបឆេះឃ្លាំងលក់ម៉ូតូ និងុម៉ូតូកង់បី (ផាសអាប់) ជាង30គ្រឿង កាលពីយប់ថ្ងៃទី27 ខែមិថុនា ឆ្នាំ2026 នៅចំណុចអគារថ្មី ក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ពេលអគ្គីភ័យឆាបឆេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរងក្រុង អាជ្ញាធរសង្កាត់ភូមិ កងកម្លាំងនគរបាលក្រុង កងកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត រួមជាមួយប្រជាពលរដ្ឋបានយកទុយោរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍បាញ់ពន្លត់។

លោកវរសេនីយទោ ព្រហ្ម ពិសិដ្ឋ បញ្ជាក់ថា៖ អគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីគុបភ្លើង(ប៉ារ៉ែតភ្លើង) បង្កឲ្យមានអគ្គីភ័យឆាបឆេះកើតឡើង។ ភ្លាមនោះ កម្លាំងចម្រុះបានចុះអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះ មានរថយន្តពន្លត់អគ្គីភ័យរបស់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន01គ្រឿង រថយន្តរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន02គ្រឿង រួមទាំងរថយន្តពន្លត់អគ្គីភ័យរបស់បណ្តាក្រុមហ៊ុនកាស៊ីណូ រួមទាំងរថយន្តក្រុមសង្គ្រោះបឋម សរុបចំនួន09គ្រឿង ដែលប្រើប្រាស់ទឹកអស់ 28រថយន្ត។


លោកបញ្ជាក់ថា អគ្គីភ័យនេះឆាបឆេះ បណ្តាលឲ្យខូចខាតទាំង ឃ្លាំងទំហំ 16ម៉ែត្រ14ម៉ែត្រ ម៉ូតូកង់បីផាសអាប់ឆេះទាំងស្រុងចំនួន31គ្រឿង និងម៉ូតូចំនួន03គ្រឿង រួមទាំងសម្ភារគ្រឿងបន្លាស់ជាច្រើនទៀត ហើយអគ្គីភ័យត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង21.00នាទីយប់ មិនធ្វើឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ៕

Share.