កំពង់ធំ៖ អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម អ៊ុង វុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្របសម្រួលការបែងចែកទឹកពីអាងទឹក «៣០កញ្ញា» ដើម្បីជួយសង្គ្រោះស្រែស្រូវរបស់ប្រជាកសិករ ដែលកំពុងប្រឈមការខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត។

ការចុះអន្តរាគមន៍នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងធានាឱ្យប្រភពទឹកដែលមានស្រាប់ ត្រូវបានគ្រប់គ្រង និងបែងចែកប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះដំណាំស្រូវឱ្យបានទាន់ពេលវេលា និងកាត់បន្ថយផលប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុង វុទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈស្ថានភាពរាំងស្ងួតនៅតែបន្តធ្វើឱ្យបរិមាណទឹកមានកម្រិត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្នុងការគ្រប់គ្រង និងបែងចែកទឹកឱ្យមានតម្លាភាព ដោយផ្តល់អាទិភាពដល់តំបន់ស្រែស្រូវដែលកំពុងខ្វះទឹកខ្លាំងជាងគេ។

ប្រជាកសិករបានសម្តែងការអរគុណចំពោះអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលបានចុះជួយសម្របសម្រួលការបែងចែកទឹក ដើម្បីជួយសង្គ្រោះស្រែស្រូវរបស់ពួកគាត់បានទាន់ពេលវេលា។

Share.