ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រនៃខេត្តអ៊ីវ៉ាតេ (Iwate) ភាគឦសាននៃប្រទេសជប៉ុន កាលពីវេលាម៉ោងប្រមាណ ០៧:២៥ នាទីព្រឹកថ្ងៃអាទិត្យ (២៨ មិថុនា) ក្នុងជម្រៅប្រហែល ៤០ គីឡូម៉ែត្រ។ កម្លាំងរញ្ជួយនេះអាចដឹងបានដល់ខេត្តអាអូម៉ូរី (Aomori) និងតំបន់ជុំវិញផ្សេងទៀត ប៉ុន្តែមិនមានការប្រកាសព្រមានអំពីការកើតមានរលកស៊ូណាមិនោះទេ ហើយនៅក្នុងជំហានដំបូងនេះ ក៏មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬមានអ្នករងរបួស និងស្លាប់បាត់បង់ជីវិតនៅឡើយដែរ។

គ្រោះរញ្ជួយដីលើកនេះ គឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់បានវាយប្រហារតំបន់នេះនៃប្រទេសជប៉ុន រួមទាំងគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ កាលពីថ្ងៃទី ២៥ មិថុនា និងគ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ដែលបានអង្រួនខេត្តយ៉ាម៉ាណាស៊ី (Yamanashi) ក៏ដូចជាតំបន់ក្បែរភ្នំភូជី និងភាគខាងលិចនៃទីក្រុងតូក្យូ កាលពីថ្ងៃសុក្រ (២៦ មិថុនា) កន្លងទៅ ដែលបានបង្កការខូចខាតដល់សំណង់អគារមួយចំនួន។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានព្រមានផងដែរថា អាចនឹងមានគ្រោះរញ្ជួយដីបន្តបន្ទាប់ (Aftershocks) កើតឡើងបន្ថែមទៀត។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានកើតឡើងនៅតំបន់ភ្នំហិណ្ឌូគូស (Hindu Kush) ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងជម្រៅ ១០០ គីឡូម៉ែត្រ កាលពីថ្ងៃសៅរ៍ (២៧ មិថុនា) កន្លងទៅនេះ។ កម្លាំងរញ្ជួយអាចដឹងបានតាំងពីទីក្រុងកាប៊ុល ដែលជារដ្ឋធានីនៃប្រទេស រហូតដល់តំបន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថាន។ មុនពេលនោះបន្តិច នៅក្នុងព្រឹកថ្ងៃដដែល ក៏មានគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ មួយទៀតនៅប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឱ្យផ្ទះសម្បែងរាប់សិបខ្នងនៅក្នុងស្រុក មូសាកាអែល (Musakhel) នៃប្រទេសប៉ាគីស្ថាន ទទួលរងការខូចខាត និងមានរបាយការណ៍ថាប្រជាពលរដ្ឋជាង ២០ នាក់បានរងរបួស។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្តបាឡូជីស្តង់ (Balochistan) របស់ប៉ាគីស្ថាន បានបញ្ជាក់ថា មានផ្ទះសម្បែងប្រមាណ ១២៥ ខ្នង បានរងការខូចខាតដោយសារគ្រោះរញ្ជួយដីលើកនេះ ដែលខណៈនេះ អាជ្ញាធរបានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះ ព្រមទាំងនាំយកស្បៀងអាហារ ភួយ និងសម្ភារជំនួយផ្សេងៗទៅចែកជូនផងដែរ៕

https://troryorng.com/
Share.