នេះមិនមែនជាលើកទី១ទេ តែជាលើកទី៣ហើយ ដែល YouTuber កូរ៉េល្បីឈ្មោះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងបំណងស្វែងរកការពិត ឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានមិនពិត និងរូបភាពអវិជ្ជមានដដែលៗ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េមួយចំនួនបានផ្សព្វផ្សាយរូបភាពអវិជ្ជមានពីកម្ពុជា។

អ្នកផលិតមាតិកាផ្នែកដើរកម្សាន្ដដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ម្ចាស់ឆានែល Youtube «Heechulism» (ហ៊ីឈុលលីស៊ឹម) ដែលមានអ្នកតាមដានរហូតដល់ទៅ ១.២២លាននាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីផ្តិតយកទិដ្ឋភាពពិតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងតថភាពសង្គម ដែលត្រូវបានបិទបាំងដោយព័ត៌មានអវិជ្ជមានស្តីពីបទល្មើសនានា នាពេលកន្លងមក។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឆានែល Youtube ឈ្មោះ Heechulism បានបង្ហោះវីដេអូមួយក្រោមចំណងជើងថា «ជីវភាពប្រចាំថ្ងៃដែលអ្នកមិនបានដឹង និងការផ្លាស់ប្តូរនឹកស្មានមិនដល់របស់កម្ពុជា»។ វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលទស្សនាជាង ៣២ម៉ឺនដង ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

ការធ្វើដំណើរមកជាលើកទី៣ នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសបន្ទាបកម្រិតព្រមាននៃការធ្វើដំណើរមកកាន់រាជធានីភ្នំពេញ មកនៅត្រឹមកម្រិតទី១។ កត្តានេះបានជំរុញឱ្យលោកចង់មកពិនិត្យមើលដោយផ្ទាល់ភ្នែកថា តើស្ថានភាពជាក់ស្តែង និងព័ត៌មានស្តីពីបទល្មើសអនឡាញនានា ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចុះផ្សាយយ៉ាងព្រោងព្រាតកាលពីឆ្នាំមុន មានភាពខុសគ្នាយ៉ាងណាខ្លះ។

នៅក្នុងវីដេអូនោះ គោលដៅដំបូងដែលលោកបានទៅទស្សនាគឺ «ភូមិគំនរសំរាម» នៅជាយក្រុងភ្នំពេញ។ នៅទីនោះ លោកបានបង្ហាញពីអារម្មណ៍រំភើប និងកោតសរសើរចំពោះកុមារៗកម្ពុជា ដែលទោះបីជាស្ថិតក្នុងស្ថានភាពជីវភាពខ្វះខាតខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះ យូធូប៊ឺររូបនេះក៏បានរំលឹកផងដែរថា ទោះបីជាបច្ចុប្បន្នកូរ៉េខាងត្បូងជាប្រទេសអ្នកផ្តល់ជំនួយក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលអតីតកាល ប្រទេសរបស់លោកក៏ធ្លាប់ឆ្លងកាត់ការលំបាក និងជាប្រទេសទទួលជំនួយអន្តរជាតិដែរ។


ក្រៅពីភូមិគំនរសំរាម លោក ក៏បានបន្តដំណើរទៅស្វែងយល់នៅតាមទីតាំងសំខាន់ៗជាច្រើនទៀតក្នុងរាជធានីភ្នំពេញ រួមមាន ផ្សារធំថ្មី, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, តំបន់មាត់ទន្លេ, វត្តភ្នំ, ហាងកាហ្វេ និងតំបន់ទីប្រជុំជននានា។ លោកបានទទួលនូវបទពិសោធន៍ថ្មីៗ ទាំងការស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងរបបខ្មែរក្រហម និងការទស្សនាជីវភាពរស់នៅប្រចាំថ្ងៃដ៏រស់រវើករបស់ប្រជាពលរដ្ឋកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងវីដេអូនោះ លោកក៏បានរំលេចពីចលនាពហិកាផលិតថៃ របស់ប្រជាជនខ្មែរ ក្រោយជម្លោះព្រំដែន ដែលបានបង្កជាផលចំណេញដល់ក្រុមហ៊ុនចែកចាយរបស់កូរ៉េខាងត្បូងនៅកម្ពុជា។


លើសពីនេះ វីដេអូរបស់លោកក៏បានបង្ហាញឱ្យឃើញពីអត្តចរិតពិតដ៏ស្លូតបូត និងស្មោះត្រង់របស់ជនជាតិខ្មែរ ដែលអាចនិយាយបានថាអាចជួយលាងជម្រះកេរ្តិ៍ឈ្មោះប្រជាជនកម្ពុជាពីការលាបពណ៌របស់ព័ត៌មានបរទេស គឺនៅពេលដែលយូធូប៊ឺររូបនេះបានភ្លេចកាបូបលុយដែលមានសាច់ប្រាក់ប្រមាណ ៤០០ដុល្លារនៅលើរថយន្តតាក់ស៊ី។ ក្រោយពេលលោកទាក់ទងទៅអ្នកបើកបរវិញ អ្នកបើកបរតាក់ស៊ីខ្មែររូបនោះបានយកកាបូបលុយមកប្រគល់ជូនលោកវិញគ្រប់ចំនួន ដោយមិនបាត់បង់សូម្បីតែមួយកាក់ឡើយ។ សកម្មភាពរបស់ពលរដ្ឋខ្មែរ បានក្លាយជាភស្តុតាងដ៏មានឥទ្ធិពល លុបបំបាត់ចោលនូវរាល់មន្ទិលនិងក្តីបារម្ភទាំងឡាយផ្នែកសន្តិសុខដែលលោកធ្លាប់មានពីមុនមក ហើយថែមទាំងធ្វើឱ្យលោកលាន់មាត់សរសើរមិនដាច់ពីមាត់នូវស្នាមញញឹមដ៏ស្រស់ស្រាយ និងភាពស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរទូទៅដែលលោកបានជួបផងដែរ។
ទោះជាយ៉ាងណា ម្ចាស់ឆានែល Heechulism មិនបានមើលរំលងពីបញ្ហាបទល្មើសអន្តរជាតិនោះទេ។ លោកបានទទួលស្គាល់ថា ករណីចាប់ជម្រិត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) គឺពិតជាបានកើតឡើងមែន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មិនត្រូវយកបទល្មើសទាំងនោះទៅវាយតម្លៃលើអត្តចរិត និងសីលធម៌របស់ប្រជាជនកម្ពុជាទូទៅឡើយ។ លោកបានចង្អុលបង្ហាញថា ក្រុមឧក្រិដ្ឋជនអន្តរជាតិ ជាពិសេសក្រុមម៉ាហ្វៀ គឺជាអ្នកយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដោយសារតែភាពធូររលុងនៃការអនុវត្តច្បាប់របស់អាជ្ញាធរមួយចំនួនតែប៉ុណ្ណោះ ដូច្នេះយើងមិនអាចកាត់សេចក្ដីលើពលរដ្ឋខ្មែរស្លូតបូតជារួមនោះឡើយ។
ចុងក្រោយនៃវីដេអូ លោកបានបញ្ជាក់ថា បញ្ហាបទល្មើស និងសន្តិសុខ គឺនៅតែមាន ប៉ុន្តែរូបភាពសង្គមកម្ពុជាជាក់ស្តែងដែលលោកបានជួបផ្ទាល់ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េធ្លាប់បានចាក់ផ្សាយដដែលៗនាពេលកន្លងមកស្ដីពីកម្ពុជា។
ជារួម ការចុះមកផ្តិតយករូបភាពពិតដោយផ្ទាល់ពីសំណាក់អ្នកបង្កើតមាតិកា (Creator) ល្បីឈ្មោះរូបនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាឯកសារដ៏សំខាន់មួយ ជួយឱ្យជនបរទេស និងពិភពលោក មើលឃើញពីប្រទេសកម្ពុជាក្នុងរូបភាពពិតមួយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានសុវត្ថិភាពជាងមុន៕
ប្រភព៖ 뉴스브리핑캄보디아 Korean News Weekly Cambodia

