ក្រុមការងារចល័តចំណុះអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះទៅបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់សៀវភៅស្នាក់នៅ (ក២) ជូនដល់ប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន នៅក្នុងភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

ទន្ទឹមនឹងសកម្មភាពចុះជួយសម្រួលដល់ប្រជាពលរដ្ឋដល់មូលដ្ឋាននេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានរំលឹក និងណែនាំជាថ្មីអំពីនីតិវិធីនៃការស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយប្រជាពលរដ្ឋទាំងអស់អាចអញ្ជើញទៅបំពេញបែបបទនៅតាមទីតាំងនានា នៃទីលំនៅដែលសាមីខ្លួនកំពុងរស់នៅ រួមមាន៖

-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃទីលំនៅសាមីខ្លួនកំពុងរស់នៅ ឬ

-អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ នៃទីលំនៅសាមីខ្លួនកំពុងរស់នៅឬ

-ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត នៃទីលំនៅសាមីខ្លួនកំពុងរស់នៅ។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក៏អាចអញ្ជើញទៅបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅទីតាំងមួយចំនួនទៀតដូចជា៖

-ស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (សម្រាប់សមាជិក ប.ស.ស) ឬ

-ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអុីអន២ (សែនសុខ) ឬ

-ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អុីអន៣ (មានជ័យ) ឬ

-នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធរង្សី)។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងឡាយណាដែលគ្រប់អាយុ ១៥ឆ្នាំ ឬអ្នកដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ) សូមអញ្ជើញទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ដោយឥតគិតថ្លៃ។

ក្រៅពីកិច្ចការងារអត្តសញ្ញាណបណ្ណ អាជ្ញាធរក៏បានពន្យល់ និងបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃសៀវភៅស្នាក់នៅ ដោយសៀវភៅនេះ គឺជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាលក្នុងការស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលបានស្នាក់នៅក្នុងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅស្នាក់នៅនេះ ពុំអាចយកទៅប្រើប្រាស់ ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ ហើយវាត្រូវបានផ្តល់ជូនតែមួយគត់សម្រាប់បុគ្គល គ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្រ្តៃយ៍ណាមួយជាកំណត់ ទោះបីជាបុគ្គល ឬគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ ចំពោះការស្នើសុំផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនេះ ប្រជាពលរដ្ឋអាចទៅធ្វើការស្នើសុំបាននៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានដែលសាមីខ្លួនកំពុងរស់នៅអចិន្រ្តៃយ៍ផ្ទាល់តែម្តង៕
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

https://troryorng.com/
Share.