លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យចូលទស្សនាជាសាធារណៈនូវ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលស្ថិតនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ព្រះវិហារអដ្ឋរស្ស គឺជាសំណង់សាសនាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលត្រូវបានសាងសង់ឡើងដំបូងនៅក្នុងសតវត្សរ៍ទី១៧ នាសម័យឧដ្ដុង្គ ដោយសង់នៅលើគ្រឹះប្រាសាទចាស់តាំងពីសតវត្សរ៍ទី១១ នាសម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារដ៏ធំស្កឹមស្កៃនេះ មានទំហំបណ្តោយប្រវែង ៣៩.២ម៉ែត្រ ទទឹង ២២.៣ម៉ែត្រ និងមានកម្ពស់រហូតដល់ ២៣.៦ម៉ែត្រ។ ចំណែកឯឈ្មោះ «អដ្ឋរស្ស» នេះ គឺហៅចំណាំទៅតាមការតម្កល់ព្រះពុទ្ធរូបមួយអង្គធំនៅខាងក្នុងព្រះវិហារ ដែលមានកម្ពស់ ១៨ហត្ថ (ឬស្មើនឹង ១៦.៧៩ម៉ែត្រ រាប់បញ្ចូលទាំងកម្ពស់បល្ល័ង្គ)។

ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក ព្រះវិហារអដ្ឋរស្សបានរងការខូចខាតយ៉ាងដំណំ ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ។

រហូតមកដល់ពេលថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គម្រោងជួសជុលកែលម្អឡើងវិញត្រូវបានប្រគល់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតសម្រេចបានលទ្ធផលជួសជុលរួចរាល់ទាំងស្រុង និងបើកទ្វារនៅថ្ងៃនេះ។

ការប្រែក្លាយព្រះវិហារប្រវត្តិសាស្ត្រទៅជា «សារមន្ទីរ» គឺដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ
ក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។ នៅក្នុងសារមន្ទីរនេះ មានការដាក់តាំងបង្ហាញនូវវត្ថុបុរាណមានតម្លៃជាច្រើន រួមមាន ប្រតិមាព្រះពុទ្ធ, ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពដើមមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា ព្រមទាំងវត្ថុបុរាណនានាដែលបន្សល់ទុកតាំងពីសម័យឧដ្តុង្គផងដែរ៕

https://troryorng.com/
Share.