ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ជាផ្លូវការថា ភាគីចិនសូមសម្តែងនូវការវាយតម្លៃខ្ពស់ជាខ្លាំង ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ និងសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរស័ព្ទនិងអ៊ីនធឺណិត។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាគីចិនគឺមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាបន្តកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អ្វីដែលហៅថា ដុំសាច់មហារីក នៃការឆបោកតាមប្រព័ន្ធទូរស័ព្ទនិងអ៊ីនធឺណិតនេះឱ្យអស់ទាំងស្រុងពីក្នុងសង្គម។

ការលើកឡើងរបស់ភាគីចិននេះ ធ្វើឡើងស្របពេលដែលយុទ្ធនាការក្នុងស្រុករបស់កម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា ដោយយោងតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងរយៈពេលតែ ២សប្ដាហ៍ប៉ុណ្ណោះ នាដើមខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃបានបន្តបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សបានរហូតដល់ចំនួន ១,៣៣២នាក់ ដែលមានរហូតដល់ ១៦សញ្ជាតិខុសៗគ្នា ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Online Scams។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ។

នៅក្នុងការផ្តល់ព័ត៌មានលម្អិតនោះដែរ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់បន្តអំពីចំណាត់ការផ្លូវច្បាប់ទៅលើជនសង្ស័យទាំងនោះថា ក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួនទាំងអស់ គឺត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន ១៣៣នាក់ មាន ២សញ្ជាតិ ដើម្បីអនុវត្តការបណ្តេញចេញ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ឬតុលាការចំនួន ៨៧នាក់ មាន ៥សញ្ជាតិ ខណៈពេលដែលជនសង្ស័យដែលនៅសេសសល់ចំនួន ១,១១២នាក់ ផ្សេងទៀត មាន ១៧សញ្ជាតិ គឺកំពុងស្ថិតក្នុងតំណាក់កាលសមត្ថកិច្ចបន្តនីតិវិធីស៊ើបសួរ និងចាត់ការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

ក្រៅពីវិធានការក្តៅទៅលើការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនហើយនោះ នៅក្នុងរយៈពេល ២សប្ដាហ៍ដើមខែមិថុនា ដដែលនេះ សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ ក៏បានបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយបានធ្វើការផាកពិន័យជាប្រាក់ទៅលើម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងអគារទាំងឡាយណា ដែលបានប្រព្រឹត្តល្មើស ឬអនុវត្តផ្ទុយទៅនឹងខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយទឹកប្រាក់ដែលប្រមូលបានសរុបពីការផាកពិន័យនោះ មានចំនួនរហូតដល់ ១៩៧,៨៤០,០០០រៀល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការសម្អាតនិងពង្រឹងសន្តិសុខឌីជីថល ក៏ដូចជាកិច្ចការពារសុវត្ថិភាពសង្គមទាំងមូលផងដែរ៕

Share.