ម៉ែលប៊ន៖ មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ បានរងការអាម៉ាស់ និងធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីបុគ្គលិកបម្រើការលើយន្តហោះជនជាតិថៃម្នាក់ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួនភ្លាមៗ នៅព្រលានយន្តហោះមែលប៊ន ពីបទលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ជាង ១គីឡូក្រាម ដែលមានតម្លៃនៅលើទីផ្សារងងឹតរហូតដល់ទៅ ៥០០,០០០ដុល្លារអូស្ត្រាលី (ប្រហែល ១១,៥១លានបាត) កាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងទៅនេះ។

ទង្វើដ៏អាម៉ាស់របស់នារីបម្រើការលើយន្តហោះវ័យ ២៦ឆ្នាំរូបនេះ បានស្តែងឱ្យឃើញពីការឆកល្វែងនៃប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការធ្លាក់ចុះសីលធម៌វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដោយនាងបានឆ្លៀតឱកាសប្រើប្រាស់តួនាទីជាក្រុមនាវិកអាកាសចរណ៍អន្តរជាតិ ដើម្បីធ្វើជាឈ្នាន់រត់ពន្ធខុសច្បាប់។

តាមរបាយការណ៍ពីមន្ត្រីព្រំដែនអូស្ត្រាលី បានឱ្យដឹងថា ជនសង្ស័យបានធ្វើដំណើរមកដល់ទីក្រុងមែលប៊ន ក្នុងនាមជាសមាជិកនាវិកនៃជើងហោះហើរអន្តរជាតិមួយ។ ប៉ុន្តែ ល្បិចកលលាក់កំបាំងរបស់នាងមិនអាចឆ្លងផុតភ្នែកមន្ត្រីជំនាញបានឡើយ។ តាមរយៈការពិនិត្យកាំរស្មីអ៊ិច (X-ray) ជាទម្លាប់ មន្ត្រីគយបានរកឃើញភាពមិនប្រក្រតីនៅក្នុងកាបូបយួរដៃ ចំនួន១២ ដែលនាងបានកាន់តាមខ្លួន។

នៅពេលបើកការត្រួតពិនិត្យយ៉ាងលម្អិត មន្ត្រីជំនាញបានរកឃើញម្សៅពណ៌ស ដែលជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ត្រូវបានដេរលាក់យ៉ាងជិតនៅក្នុងស្រទាប់ទ្រនាប់បាតកាបូបទាំង១២នោះ ដោយមានទម្ងន់សរុបលើសពី ១គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យជនជាតិថៃរូបនេះ កំពុងប្រឈមមុខនឹងបទចោទប្រកាន់ចំនួនពីរ គឺ៖ ទី១. ការនាំចូលគ្រឿងញៀនដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណពាណិជ្ជកម្ម និងទី២. ការកាន់កាប់គ្រឿងញៀនក្នុងបរិមាណពាណិជ្ជកម្ម។

បទល្មើសទាំង២នេះ អាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ២៥ឆ្នាំ និងការផាកពិន័យជាប្រាក់រហូតដល់ ៨២៥,០០០ដុល្លារអូស្ត្រាលី (ប្រហែល ១៨,៩៩លានបាត) យោងតាមច្បាប់ព្រហ្មទណ្ឌរបស់អូស្ត្រាលី។

យោងតាមមេបញ្ជាការកងកម្លាំងព្រំដែនអូស្ត្រាលី លោក Clint Sims បានថ្លែងការព្រមានចំៗថា ក្រុមឧក្រិដ្ឋជនតែងតែព្យាយាមរកវិធីនាំចូលសារធាតុខុសច្បាប់មកក្នុងប្រទេស ប៉ុន្តែ «គ្មានមុខតំណែង ឬអាជីពណាមួយ អាចទទួលបានការការពារពីការអនុវត្តច្បាប់នោះឡើយ»។ នេះជាការដាស់តឿនយ៉ាងចាស់ដៃដល់ជនជាតិថៃ ឬបុគ្គលិកអាកាសចរណ៍ណា ដែលគិតថា ខ្លួនមានបុព្វសិទ្ធិអាចគេចផុតពីច្បាប់។

ជនសង្ស័យត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំឡើយ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំការឡើងសវនាការនៅតុលាការក្រុងមែលប៊ន (Melbourne Magistrates’ Court) នៅថ្ងៃទី ១៤ ខែកញ្ញា។

អ្វីដែលរឹតតែគួរឱ្យអាម៉ាស់សម្រាប់រូបភាពអន្តរជាតិរបស់ប្រទេសថៃបន្ថែមទៀតនោះ គឺករណីស្របគ្នាមួយទៀត ដែលពាក់ព័ន្ធនឹងយុវជនជនជាតិអង់គ្លេសម្នាក់ វ័យ ២១ឆ្នាំ។ រូបគេកំពុងប្រឈមមុខនឹងទោសជាប់ពន្ធនាគារយ៉ាងហោចណាស់ ១០ឆ្នាំនៅក្នុងប្រទេសតួកគី បន្ទាប់ពីមន្ត្រីគយបានរកឃើញ កញ្ឆា (Cannabis) ទម្ងន់ជិត ២០គីឡូក្រាម នៅក្នុងវ៉ាលីរបស់គេ នៅព្រលានយន្តហោះអ៊ីស្តង់ប៊ុល អំឡុងពេលដែលគេកំពុងធ្វើដំណើរឆ្លងកាត់ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមកលំហែកាយនៅប្រទេសថៃ។

យុវជនរូបនេះ និងមិត្តស្រីឈ្មោះ Holly Cooper ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែមេសា បន្ទាប់ពីគេរកឃើញកញ្ឆាទម្ងន់ ១៩,២គីឡូក្រាម វិចខ្ចប់ក្នុងថង់បូមខ្យល់ចំនួន ១៧ថង់ក្នុងវ៉ាលី។ ទោះបីជាជនជាប់ចោទដោះសារនៅចំពោះមុខតុលាការថា ខ្លួនត្រូវបានគេបង្ខំ និងគំរាមកំហែងឱ្យកាន់វ៉ាលីនេះ ហើយមិនដឹងថា មានគ្រឿងញៀនក៏ដោយ ក៏វានៅតែបង្ហាញឱ្យឃើញថា ប្រទេសថៃកំពុងក្លាយជាចំណុចខ្សោយ និងជាប្រភពចែកចាយគ្រឿងញៀនដ៏ធំមួយដែលអន្តរជាតិកំពុងបង្កើនការ តាមដានយ៉ាងខ្លាំង។

ទង្វើអគតិរបស់បុគ្គលិកអាកាសចរណ៍ និងការធ្លាយចេញនូវគ្រឿងញៀនពីទឹកដីថៃទាំងនេះ មិនត្រឹមតែបំផ្លាញអនាគតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែវាបានជាន់ឈ្លីកិត្តិយសជាតិថៃទាំងមូលនៅលើឆាកអន្តរជាតិ ធ្វើឱ្យអ្នកដំណើរជនជាតិថៃផ្សេងទៀត ដែលស្មោះត្រង់ ត្រូវរងការសង្ស័យ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមព្រលានយន្តហោះនានាជុំវិញពិភពលោក ដោយសារតែទង្វើថោកទាបរបស់មនុស្សមួយក្រុមតូចនេះ៕

ប្រភព៖ The Thaiger

Share.