ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ការអញ្ជើញនេះធ្វើឡើងក្នុងនាមឯកឧត្តមជាប្រធានសន្និសីទ​ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។

កិច្ចប្រជុំវិសាមញ្ញលើកទី៤៧ គឺជាជំហានដ៏សំខាន់ក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សម្រាប់អាណត្តិ ២០២៧-២០៣០។ នៅក្នុងសន្និសីទនេះ តំណាងសមាជិក OIF នឹងវាយតម្លៃយ៉ាងម៉ត់ចត់លើចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍អនាគតរបស់អង្គការ ដែលបេក្ខជនទាំង៤រូបបានលើកឡើង។ ក្រោយពីវាយតម្លៃរួច កិច្ចប្រជុំនឹងផ្តល់អនុសាសន៍ជូនប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសបេក្ខជនដែលសមស្របបំផុត ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការដឹកនាំសន្និសីទផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងឆ្លៀតឱកាសជួបពិភាក្សាទ្វេភាគីជាមួយសមភាគីមកពីបណ្តារដ្ឋសមាជិក OIF មួយចំនួនផងដែរ។ កិច្ចពិភាក្សានានានឹងផ្តោតសំខាន់លើការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ព្រមទាំងផ្លាស់ប្តូរយោបល់​លើ​បញ្ហាសកល និងតំបន់ដែលជាផលប្រយោជន៍រួម។

ការអញ្ជើញដឹកនាំសន្និសីទដ៏សំខាន់នេះ បង្ហាញពីតួនាទី និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីការទទួលស្គាល់នូវសមត្ថភាពដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញវេទិកាហ្វ្រង់កូហ្វូនីឱ្យរីកចម្រើនផងដែរ៕

Share.