ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកចំនួន ២១,៤២៥នាក់ ក្នុងនោះមានស្ត្រី ១១,០០២នាក់ និងកុមារ ៦,១៤៣នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ បន្ទាប់ពីលំនៅឋាន និងភូមិកររងការខូចខាត និងការចូលកាន់កាប់ដោយយោធាថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ក្រសួងបញ្ជាក់ថា ស្ថានភាពនេះបានប៉ះពាល់ដល់ការផ្តល់សេវាសាធារណៈ ដោយខេត្តឧត្តរមានជ័យ មានសាលារៀន៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥កន្លែង បន្តបិទទ្វារ។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥កន្លែង និងមណ្ឌលសុខភាព១កន្លែង បន្តបិទ ខណៈខេត្តព្រះវិហារ មានសាលារៀន៧កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែង នៅមិនទាន់បើកដំណើរការវិញ។

ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន មិនទាន់មានរបាយការណ៍ថ្មីបន្ថែមនោះទេ។ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលក្នុងការតវ៉ាជំទាស់ជាផ្លូវការចំពោះការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីភាគីថៃ ដោយអះអាងថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដែលជាការផ្ទុយនឹងកិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តរួបរួមសាមគ្គី និងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងជីវភាពប្រក្រតីរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

Share.