ព្រះសីហនុ៖ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងណែនាំការកែលម្អគម្រោង Walk Street ដែលកំពុងអនុវត្តនៅតាមបណ្តោយតំបន់ឆ្នេរ ដោយគម្រោងនេះតភ្ជាប់ពីឆ្នេរអូរឈើទាលទៅកាន់ទីលានតេជោ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យលម្អិតលើស្ថានភាពអនុវត្តការងារ និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព បរិស្ថាន និងការរៀបចំទីធ្លាសាធារណៈ ដើម្បីធានាថាគម្រោងមានគុណភាព សុវត្ថិភាព និងអាចបម្រើប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយ៉ាងមានប្រសិទ្ធភាព។


គម្រោង Walk Street ត្រូវបានរំពឹងថា នឹងក្លាយជាតំបន់ដើរកម្សាន្តដ៏ទាក់ទាញមួយរបស់ខេត្តព្រះសីហនុ ដែលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ជំរុញវិស័យទេសចរណ៍ បង្កើតបរិយាកាសកម្សាន្ត និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានភាពរស់រវើក។

Share.