នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម លោកជំទាវ អភិបាល/អភិបាលរងនៃគណៈអភិបាល ឬតំណាង អមដោយសហការី និងភ្ញៀវ កិត្តិយសប្រមាណ៧០រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញសូមយកឱកាសនេះ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការនាំយកស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត ទុកជាមង្គលវត្ថុសម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ឯកឧត្តមប្រធានក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានជួយសម្រួលចាត់អញ្ជើញ ឯកឧត្តម លោកជំទាវ អភិបាល/អភិបាលរងនៃគណៈ អភិបាលរាជធានី-ខេត្ត ឬតំណាង និងសហការីមកចូលរួមក្នុងពិធីនេះ។

ថ្លែងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានរំលឹកនូវព្រឹត្តិការណ៍ ចំនួន៣ ជាដើមហេតុនាំដល់ការកសាងស្តម្ភរដ្ឋធម្មនុញ្ញចម្លង រួមមាន ៖

១. នៅក្នុងរបាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការកសាងវិមានរដ្ឋធម្មនុញ្ញ គឺជាកាលសម័យដ៏សមគួរអាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបោះជំហានទៅមុខសម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់គឺ ៖ ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បាននិង កំពុងចាក់ឫសក្នុងវប្បធម៌សង្គម-នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពីបុរាណកាលមក។

២. នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះបរមរាជឱង្ការ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី៖ យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។ ហើយព្រះអង្គបានមានព្រះបរមរាជឱង្ការជាបន្តថា វិមានរដ្ឋធម្មនុញ្ញគឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ តំណាងឱ្យនិមិត្តរូបនីតិរដ្ឋដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។

៣. ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរលេខ ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋាន “វិមានរដ្ឋធម្មនុញ្ញ” ហើយដោយឡែកនៅរាជធានី និងតាមបណ្តាខេត្តត្រូវរៀបចំប្រារព្ធពិធីតាមទីតាំង និងលទ្ធភាពជាក់ស្តែង។

ដូច្នេះ ដើម្បីជួយសម្រួលដល់សាលារាជធានី និងគ្រប់ខេត្ត រៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញឱ្យកាន់តែល្អប្រសើររុងរឿង និងដើម្បីចម្លងនូវទស្សនាទាននៃការកសាងវិមានរដ្ឋធម្មនុញ្ញបានជ្រាបដល់រាជធានី និងគ្រប់ខេត្តផងនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានជូន ឯកឧត្តមបណ្ឌិតស្ថាបត្យករ លី រស្មី ជាស្ថាបត្យករដឹកនាំដំណើរការកសាងវិមានរដ្ឋធម្មនុញ្ញធ្វើការចម្លងពីស្តម្ភរដ្ឋធម្មនុញ្ញដើម ដោយសិតពីសំរឹទ្ធសុទ្ធ មានទំហំអង្កត់ផ្ចិតបាតប្រវែង ១៧សង់ទីម៉ែត្រ កម្ពស់ ៣៦សង់ទីម៉ែត្រ។ សូមជម្រាបជូនផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើមដែលក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ចម្លងនេះ គឺជាគារវវត្ថុមួយដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរសន្តិមូលសាលនៃវិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភរដ្ឋធម្មនុញ្ញនេះមានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងទៀតសម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺ បំបែក; ឯកោ; បញ្ចប់; សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈខ្មែរចំនួនប្រាំតួ គឺ “ប-ឯ-ប-ស”។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញក៏បានគូសបញ្ជាក់ផងដែរថាស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ ប្រពៃណី។ សរុបសេចក្តីមក ការកសាងនីតិបូជនីយដ្ឋាន ពោលគឺ វិមានរដ្ឋធម្មនុញ្ញ ការបង្កើតនីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាងមង្គលវត្ថុ ពោលគឺ ស្តម្ភរដ្ឋធម្មនុញ្ញចម្លងតម្កល់នៅរាជធានី-ខេត្ត ទាំងអស់នេះពិតណាស់គឺជាការស្តែងឱ្យឃើញនូវការគោរពលើកតម្កើងស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានយកឱកាសនេះសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រកបដោយព្រះមហាករុណាធិគុណ ប្រោសព្រះរាជទាន នូវមហាកិត្តិយស ស្ដេចគង់ប្រថាប់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលបានញ៉ាំងព្រះរាជពិធីនាពេលនោះឱ្យកាន់តែមានខ្លឹមសារជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តមក ដែលបានដឹកនាំ ឧបត្ថម្ភ គាំទ្រដល់ការសាងសង់ វិមានរដ្ឋធម្មនុញ្ញតាំងពីដើមរហូតសម្រេចបានជាស្ថាពរ។ ឯកឧត្តមប្រធានក៏សូមរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអគ្គនិម្មាបនករ ដែលបានផ្តួចផ្តើមគំនិតបង្កើតទស្សនាទាន ដឹកនាំរចនាប្លង់ និងកសាងវិមានរដ្ឋធម្មនុញ្ញ ទុកជាមរតកបេតិកភណ្ឌដល់ប្រជាជាតិទាំងមូល ព្រមទាំងបានថ្លែងអំណរគុណ និងជូនពរដល់អង្គពិធីទាំងមូល សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការជានិច្ចនិរន្តរ៍៕

Share.